២ របាក្សត្រ 22:1-5 KHOV

1 ពួក​អ្នក​ក្រុង​យេរូ‌សាឡិម គេ​តាំង​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​ពៅ​របស់​ទ្រង់ ឡើង​ធ្វើ​ជា​ស្តេច​ជំនួស​ព្រះ‌បិតា ដោយ​ព្រោះ​កង‌ទ័ព​ខាង​សាសន៍​អារ៉ាប់ ដែល​ឡើង​មក​ឯ​ទី​បោះ​ទ័ព គេ​បាន​សំឡាប់​ព្រះ​ជេដ្ឋា​ទ្រង់​ទាំង​អស់​ទៅ គឺ​យ៉ាង​នោះ​ដែល​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​យ៉ូរ៉ាម ស្តេច​យូដា បាន​សោយ‌រាជ្យ​ឡើង

2 កាល​អ័ហា‌ស៊ីយ៉ា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៤២​ឆ្នាំហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា អ័ថា‌លា ជា​បុត្រី​អំរី

3 ទ្រង់​ក៏​ដើរ​តាម​ផ្លូវ​របស់​ពួក​វង្ស​អ័ហាប់​ដែរ ពី​ព្រោះ​ព្រះ‌មាតា​ទ្រង់ ជា​អ្នក​ជួយ​គំនិត​ឲ្យ​ធ្វើ​អំពើ​អាក្រក់

4 ហើយ​ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ដូច​ជា​ពួក​វង្ស​របស់​អ័ហាប់​ដែរ ដ្បិត​ក្រោយ​ដែល​ព្រះ‌បិតា​ទ្រង់​បាន​សុគត​ទៅ​ហើយ ពួក​នោះ​ជា​អ្នក​ដឹក‌នាំ​គំនិត​ទ្រង់ ដរាប​ដល់​ទ្រង់​ត្រូវ​វិនាស

5 ទ្រង់​ចេះ​តែ​ប្រព្រឹត្ត​តាម​ដំបូន្មាន​របស់​គេ ក៏​ទៅ​ជា​មួយ​នឹង​យ៉ូរ៉ាម ជា​ព្រះ‌រាជ‌បុត្រា​អ័ហាប់​ស្តេច​អ៊ីស្រា‌អែល ដើម្បី​ច្បាំង​នឹង​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី​ត្រង់​ក្រុង​រ៉ាម៉ូត-កាឡាត​ដែរ ឯ​ពួក​ស៊ីរី គេ​ធ្វើ​ឲ្យ​យ៉ូរ៉ាម​មាន​របួស