1 ពួកអ្នកក្រុងយេរូសាឡិម គេតាំងអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រាពៅរបស់ទ្រង់ ឡើងធ្វើជាស្តេចជំនួសព្រះបិតា ដោយព្រោះកងទ័ពខាងសាសន៍អារ៉ាប់ ដែលឡើងមកឯទីបោះទ័ព គេបានសំឡាប់ព្រះជេដ្ឋាទ្រង់ទាំងអស់ទៅ គឺយ៉ាងនោះដែលអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រាយ៉ូរ៉ាម ស្តេចយូដា បានសោយរាជ្យឡើង
2 កាលអ័ហាស៊ីយ៉ាចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៤២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា អ័ថាលា ជាបុត្រីអំរី
3 ទ្រង់ក៏ដើរតាមផ្លូវរបស់ពួកវង្សអ័ហាប់ដែរ ពីព្រោះព្រះមាតាទ្រង់ ជាអ្នកជួយគំនិតឲ្យធ្វើអំពើអាក្រក់
4 ហើយទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រនៃព្រះយេហូវ៉ា ដូចជាពួកវង្សរបស់អ័ហាប់ដែរ ដ្បិតក្រោយដែលព្រះបិតាទ្រង់បានសុគតទៅហើយ ពួកនោះជាអ្នកដឹកនាំគំនិតទ្រង់ ដរាបដល់ទ្រង់ត្រូវវិនាស
5 ទ្រង់ចេះតែប្រព្រឹត្តតាមដំបូន្មានរបស់គេ ក៏ទៅជាមួយនឹងយ៉ូរ៉ាម ជាព្រះរាជបុត្រាអ័ហាប់ស្តេចអ៊ីស្រាអែល ដើម្បីច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរីត្រង់ក្រុងរ៉ាម៉ូត-កាឡាតដែរ ឯពួកស៊ីរី គេធ្វើឲ្យយ៉ូរ៉ាមមានរបួស
6 រួចទ្រង់វិលទៅឯក្រុងយេសរាលវិញ ដើម្បីមើលរបួសឲ្យជា ដែលគេបានធ្វើទ្រង់នៅត្រង់រ៉ាម៉ា ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែលស្តេចស៊ីរី រួចអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រាយ៉ូរ៉ាម ស្តេចយូដា ទ្រង់ក៏យាងទៅដល់យេសរាល គាល់យ៉ូរ៉ាម ជាព្រះរាជបុត្រាអ័ហាប់ ដែលទ្រង់ប្រឈួន
7 រីឯការដែលអ័ហាស៊ីយ៉ាបានទៅគាល់យ៉ូរ៉ាម នោះកើតមកអំពីព្រះទេ ដើម្បីឲ្យទ្រង់ត្រូវវិនាស ដ្បិតកាលទ្រង់បានទៅដល់ហើយ នោះក៏យាងចេញទៅជាមួយនឹងយ៉ូរ៉ាម ទាស់នឹងយេហ៊ូវ ជាកូននីមស៊ី ជាអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេង តាំងឡើងឲ្យបានបំផ្លាញវង្សរបស់អ័ហាប់ចេញ