6 រួចទ្រង់វិលទៅឯក្រុងយេសរាលវិញ ដើម្បីមើលរបួសឲ្យជា ដែលគេបានធ្វើទ្រង់នៅត្រង់រ៉ាម៉ា ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែលស្តេចស៊ីរី រួចអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រាយ៉ូរ៉ាម ស្តេចយូដា ទ្រង់ក៏យាងទៅដល់យេសរាល គាល់យ៉ូរ៉ាម ជាព្រះរាជបុត្រាអ័ហាប់ ដែលទ្រង់ប្រឈួន
7 រីឯការដែលអ័ហាស៊ីយ៉ាបានទៅគាល់យ៉ូរ៉ាម នោះកើតមកអំពីព្រះទេ ដើម្បីឲ្យទ្រង់ត្រូវវិនាស ដ្បិតកាលទ្រង់បានទៅដល់ហើយ នោះក៏យាងចេញទៅជាមួយនឹងយ៉ូរ៉ាម ទាស់នឹងយេហ៊ូវ ជាកូននីមស៊ី ជាអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេង តាំងឡើងឲ្យបានបំផ្លាញវង្សរបស់អ័ហាប់ចេញ
8 ហើយកាលយេហ៊ូវកំពុងតែសំរេចទោស ដល់វង្សរបស់អ័ហាប់ នោះលោកក៏ប្រទះឃើញពួកអ្នកខ្លះ ដែលជាពូជពង្សស្តេចយូដា គឺជាបុត្ររបស់ពួកជេដ្ឋាអ័ហាស៊ីយ៉ាដែលជាជំនិតទ្រង់ ហើយលោកសំឡាប់គេទាំងអស់ទៅ
9 លោកក៏រកអ័ហាស៊ីយ៉ា ដែលពួននៅក្នុងក្រុងសាម៉ារីដែរ ហើយគេចាប់ទ្រង់ នាំមកដល់យេហ៊ូវ រួចគេសំឡាប់បង់ ហើយកប់សពទ្រង់ទៅ ដោយថា ទ្រង់ជាបុត្រយ៉ូសាផាត ដែលបានស្វែងរកព្រះយេហូវ៉ាអស់ពីព្រះទ័យ ដូច្នេះ ក្នុងវង្សរបស់អ័ហាស៊ីយ៉ា គ្មានអ្នកណាមួយអាចនឹងគ្រប់គ្រងរាជ្យបានឡើយ។
10 ឯព្រះនាងអ័ថាលា ជាព្រះមាតាអ័ហាស៊ីយ៉ា កាលឃើញថា ព្រះរាជបុត្របានសុគតហើយ នោះព្រះនាងក៏ចាត់ចែងបំផ្លាញពូជពង្សហ្លួង ក្នុងវង្សានុវង្សនៃពួកយូដាទាំងអស់ទៅ
11 ប៉ុន្តែយ៉ូសេបា ជាព្រះរាជបុត្រីស្តេច នាងលួចយកយ៉ូអាស ជាបុត្រាអ័ហាស៊ីយ៉ា ចេញពីពួកព្រះរាជបុត្រាដែលត្រូវគេសំឡាប់ទាំងប៉ុន្មាននោះ ទៅបំពួនទុកព្រមទាំងមេនំនៅក្នុងបន្ទប់ គឺយ៉ាងនោះដែលយ៉ូសេបា ជាព្រះរាជបុត្រីស្តេចយ៉ូរ៉ាម ប្រពន្ធរបស់យេហូយ៉ាដាដ៏ជាសង្ឃត្រូវជាកនិដ្ឋារបស់អ័ហាស៊ីយ៉ា បានបំពួនទ្រង់ឲ្យរួចពីព្រះនាងអ័ថាលា ដើម្បីកុំឲ្យត្រូវស្លាប់
12 ទ្រង់ក៏នៅជាមួយនឹងគេ លាក់ទុកក្នុងព្រះវិហារនៃព្រះ អស់៦ឆ្នាំ កំពុងដែលព្រះនាងអ័ថាលាគ្រប់គ្រងរាជ្យនៅ។