14 ឯយេហូយ៉ាដាដ៏ជាសង្ឃ លោកនាំពួកមេ ដែលត្រួតលើកងទ័ពចេញមកប្រាប់ថា ចូរនាំព្រះនាងចេញទៅក្រៅទៅ ហើយបើអ្នកណាតាមព្រះនាង នោះត្រូវសំឡាប់គេចោលចេញ ដ្បិតលោកបានហាមថា កុំឲ្យសំឡាប់ព្រះនាង នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ
15 ដូច្នេះ គេក៏ចៀសផ្លូវឲ្យព្រះនាងចេញទៅ ហើយព្រះនាងយាងចេញទៅតាមទ្វារ ដែលសេះចូលទៅឯដំណាក់ស្តេច រួចគេធ្វើគុតនៅទីនោះ។
16 រីឯយេហូយ៉ាដា លោកនាំឲ្យខ្លួនលោក និងពួកបណ្តាជន ហើយនឹងស្តេចចុះសញ្ញាគ្នាថា នឹងធ្វើជារាស្ត្ររបស់ផងព្រះយេហូវ៉ា
17 បន្ទាប់មក បណ្តាជនទាំងឡាយគេចូលទៅរំលំវិហាររបស់ព្រះបាលអស់ទៅ ហើយបំបាក់បំបែកអស់ទាំងអាសនា និងរូបព្រះឲ្យខ្ទេចខ្ទី ក៏សំឡាប់ម៉ាត់ថាន ជាសង្ឃរបស់ព្រះបាល នៅមុខអាសនានោះដែរ
18 យេហូយ៉ាដា លោកក៏តាំងឲ្យមានពួកអ្នកថែទាំមើលព្រះវិហារនៃព្រះយេហូវ៉ា នៅក្រោមបង្គាប់នៃពួកលេវីដ៏ជាសង្ឃ ដែលដាវីឌបានដំរូវឲ្យមានដំណែង ក្នុងព្រះវិហារនៃព្រះយេហូវ៉ា សំរាប់នឹងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា ដូចជាមានសេចក្ដីចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ គឺដោយសេចក្ដីរីករាយសប្បាយ ហើយច្រៀងចំរៀង តាមបង្គាប់ដាវីឌ
19 លោកក៏ដាក់ពួកឆ្មាំទ្វារ នៅអស់ទាំងទ្វារព្រះវិហារនៃព្រះយេហូវ៉ា ដើម្បីនឹងឃាត់ មិនឲ្យអ្នកណាដែលមិនស្អាតក្នុងការអ្វីមួយ បានចូលទៅឡើយ
20 រួចមក លោកប្រមូលពួកមេទ័ព ពួកអ្នកធំ ពួកចៅហ្វាយលើបណ្តាជន និងពួកអ្នកស្រុកទាំងអម្បាលម៉ានមក ហើយនាំស្តេចចុះពីព្រះវិហារនៃព្រះយេហូវ៉ា ដង្ហែចូលទៅក្នុងព្រះរាជដំណាក់តាមទ្វារខាងលើ លើកតម្កល់លើបល្ល័ង្ករាជ្យ