២ របាក្សត្រ 23:3-9 KHOV

3 រួច​ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ចុះ​សញ្ញា​នឹង​ស្តេច នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ យេហូ‌យ៉ាដា ក៏​ពោល​ឡើង​ថា មើល ត្រូវ​ឲ្យ​ព្រះ‌រាជ‌បុត្រា​នៃ​ស្តេច បាន​សោយ‌រាជ្យ​ឡើង ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ពី​ដំណើរ​ពួក​វង្សា​ដាវីឌ

4 ឯ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​យ៉ាង​ដូច្នេះ ចំណែក​ពួក​សង្ឃ និង​ពួក​លេវី ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចូល​មក​នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ត្រូវ​ឲ្យ​១​ភាគ​ក្នុង​៣​ចាំ​យាម​នៅ​មាត់​ទ្វារ

5 មួយ​ភាគ​ក្នុង​៣​ទៀត ត្រូវ​នៅ​ឯ​ដំណាក់​នៃ​ស្តេច ហើយ​មួយ​ភាគ​ក្នុង​៣​ទៀត ត្រូវ​នៅ​ត្រង់​ទ្វារ​ជើង​ជញ្ជាំង ឯ​បណ្តា‌ជន​ទាំង‌ឡាយ ត្រូវ​នៅ​ក្នុង​ទីលាន​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​វិញ

6 កុំ​ឲ្យ​អ្នក​ណា​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ លើក​តែ​ពួក​សង្ឃ និង​ពួក​អ្នក​ដែល​ជា​ជំនួយ​ដល់​ពួក​លេវី​ប៉ុណ្ណោះ អ្នក​ទាំង​នោះ​ចូល​ទៅ​បាន ពី​ព្រោះ​គេ​បរិសុទ្ធ​ទាំង​អស់ តែ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​រក្សា​បញ្ញើ​នៃ​ព្រះ‌យេហូវ៉ា​វិញ

7 ត្រូវ​ឲ្យ​ពួក​លេវី​ឈរ​ព័ទ្ធ​ជុំវិញ​ស្តេច ដោយ​កាន់​គ្រឿង​សស្ត្រា‌វុធ​គ្រប់ៗ​គ្នា បើ​មាន​អ្នក​ណា​ចូល​មក​ក្នុង​ព្រះ‌វិហារ នោះ​ត្រូវ​សំឡាប់​បង់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ស្តេច នៅ​អស់​វេលា​ដែល​ទ្រង់​យាង​ចេញ​ចូល។

8 ដូច្នេះ ពួក​លេវី និង​ពួក​យូដា​ទាំង​អស់​គ្នា ក៏​ធ្វើ​តាម​បង្គាប់​យេហូ‌យ៉ាដា ដ៏​ជា​សង្ឃ​គ្រប់​ជំពូក គេ​នាំ​យក​ពួក​គេ​រៀង​ខ្លួន ទាំង​ពួក​ដែល​ត្រូវ​ចូល​នៅ​ថ្ងៃ​ឈប់​សំរាក និង​ពួក​ដែល​ចេញ​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ ដ្បិត​យេហូ‌យ៉ាដា ដ៏​ជា​សង្ឃ លោក​មិន​ឲ្យ​ពួក​វេន​ណា​ឈប់​ទេ

9 លោក​ប្រគល់​លំពែង និង​ខែល​ធំ​តូច ជា​របស់​ស្តេច​ដាវីឌ​ពី​ដើម ដែល​ទុក​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ដល់​ពួក​មេ‌ទ័ព