២ របាក្សត្រ 24:15-21 KHOV

15 តែ​យេហូ‌យ៉ាដា លោក​កាន់​តែ​ចាស់​ទៅ លោក​បាន​ស្កប់​ចិត្ត​នឹង​អាយុ​លោក ហើយ​ក៏​ស្លាប់​ទៅ កាល​លោក​ស្លាប់ នោះ​មាន​អាយុ​១៣០​ឆ្នាំ​ហើយ

16 គេ​បញ្ចុះ​សព​លោក នៅ​ជា​មួយ​នឹង​ពួក​ស្តេច នៅ​ក្នុង​ក្រុង​ដាវីឌ ពី​ព្រោះ​លោក​បាន​ធ្វើ​ល្អ​ក្នុង​សាសន៍​អ៊ីស្រា‌អែល ហើយ​ចំពោះ​ព្រះ និង​ព្រះ‌វិហារ​ទ្រង់​ផង

17 រីឯ​កាល​យេហូ‌យ៉ាដា​បាន​ស្លាប់​ទៅ​ហើយ នោះ​ពួក​ដែល​ជា​ប្រធាន​ក្នុង​ស្រុក​យូដា គេ​ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​ដល់​ស្តេច ហើយ​ទ្រង់​ក៏​ស្តាប់​តាម​គេ

18 ដូច្នេះ គេ​បោះ‌បង់​ចោល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ទៅ​គោរព​ប្រតិ‌បត្តិ​តាម​រូប​ព្រះ និង​អ្នក‌តា​វិញ ហើយ​មាន​សេចក្ដី​ក្រោធ​មក​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​ការ​កំហុស​ដែល​គេ​ប្រព្រឹត្ត​នោះ

19 ប៉ុន្តែ​ទ្រង់​ក៏​ចាត់​ពួក​ហោរា​ទៅ​ឯ​គេ​ដែរ ដើម្បី​នឹង​ទាញ​នាំ​គេ​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ឯ​ពួក​ហោរា​នោះ លោក​ក៏​ចាប់​ទោស​គេ តែ​គេ​មិន​ព្រម​ទទួល​ស្តាប់​ឡើយ។

20 គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ទ្រង់​មក​សណ្ឋិត​លើ​សាការី ជា​កូន​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​ឈរ​នៅ​មុខ​បណ្តា‌ជន​ពោល​ថា ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា រំលង​អស់​ទាំង​ក្រឹត្យ‌ក្រម នៃ​ព្រះ‌យេហូវ៉ា ដូច្នេះ ធ្វើ​យ៉ាង​នោះ​មិន​ចំរើន​ទេ គឺ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា​ចេញ បាន​ជា​ទ្រង់​បោះ‌បង់​ចោល​អ្នក​រាល់​គ្នា​ដែរ

21 តែ​គេ​រួម​គំនិត​គ្នា​គិត​ប្រទូស្ត​នឹង​លោក​វិញ ក៏​ចោល​លោក​នឹង​ថ្ម នៅ​ក្នុង​ទីលាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ស្តេច