16 គេបញ្ចុះសពលោក នៅជាមួយនឹងពួកស្តេច នៅក្នុងក្រុងដាវីឌ ពីព្រោះលោកបានធ្វើល្អក្នុងសាសន៍អ៊ីស្រាអែល ហើយចំពោះព្រះ និងព្រះវិហារទ្រង់ផង
17 រីឯកាលយេហូយ៉ាដាបានស្លាប់ទៅហើយ នោះពួកដែលជាប្រធានក្នុងស្រុកយូដា គេចូលមកក្រាបថ្វាយបង្គំដល់ស្តេច ហើយទ្រង់ក៏ស្តាប់តាមគេ
18 ដូច្នេះ គេបោះបង់ចោលព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ ទៅគោរពប្រតិបត្តិតាមរូបព្រះ និងអ្នកតាវិញ ហើយមានសេចក្ដីក្រោធមកលើពួកយូដា និងពួកក្រុងយេរូសាឡិម ដោយព្រោះការកំហុសដែលគេប្រព្រឹត្តនោះ
19 ប៉ុន្តែទ្រង់ក៏ចាត់ពួកហោរាទៅឯគេដែរ ដើម្បីនឹងទាញនាំគេមកឯព្រះយេហូវ៉ាវិញ ឯពួកហោរានោះ លោកក៏ចាប់ទោសគេ តែគេមិនព្រមទទួលស្តាប់ឡើយ។
20 គ្រានោះ ព្រះវិញ្ញាណនៃព្រះទ្រង់មកសណ្ឋិតលើសាការី ជាកូនយេហូយ៉ាដាដ៏ជាសង្ឃ លោកឈរនៅមុខបណ្តាជនពោលថា ព្រះទ្រង់មានព្រះបន្ទូលដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នា រំលងអស់ទាំងក្រឹត្យក្រម នៃព្រះយេហូវ៉ា ដូច្នេះ ធ្វើយ៉ាងនោះមិនចំរើនទេ គឺដោយព្រោះអ្នករាល់គ្នាបានបោះបង់ចោលព្រះយេហូវ៉ាចេញ បានជាទ្រង់បោះបង់ចោលអ្នករាល់គ្នាដែរ
21 តែគេរួមគំនិតគ្នាគិតប្រទូស្តនឹងលោកវិញ ក៏ចោលលោកនឹងថ្ម នៅក្នុងទីលានព្រះវិហារនៃព្រះយេហូវ៉ា តាមបង្គាប់ស្តេច
22 គឺយ៉ាងនោះ ដែលស្តេចយ៉ូអាសបានរមឹលគុណរបស់យេហូយ៉ាដា ជាឪពុកសាការី ដែលលោកបានផ្តល់ចំពោះទ្រង់ គឺទ្រង់បានសំឡាប់កូនលោកវិញ កាលសាការីហៀបនឹងស្លាប់ទៅនោះក៏ពោលថា សូមឲ្យព្រះយេហូវ៉ាទ្រង់ទតមើល ហើយសំរេចតាមយុត្តិធម៌ចុះ។