9 រួចប្រកាសប្រាប់នៅគ្រប់ក្នុងស្រុកយូដា និងនៅក្រុងយេរូសាឡិម ឲ្យគេយកពន្ធមកថ្វាយព្រះយេហូវ៉ា ដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះ បានបង្គាប់ដល់ពួកអ៊ីស្រាអែល នៅទីរហោស្ថានដែរ
10 នោះពួកអ្នកដែលជាប្រធាន និងបណ្តាជនទាំងឡាយក៏រីករាយសប្បាយ ហើយយកប្រាក់មកដាក់ក្នុងហឹប ដរាបដល់បានគ្រប់
11 វេលាណាដែលពួកលេវីឃើញមានប្រាក់ច្រើនហើយ នោះក៏នាំយកហឹបចូលទៅឯពួកភ្នាក់ងាររបស់ស្តេច ហើយស្មៀនហ្លួង និងអ្នកដំណាងសំដេចសង្ឃ ក៏ចូលមកចាក់ចេញយកប្រាក់ទៅទុក រួចគេយកហឹបទៅដាក់នៅកន្លែងដើមវិញ គេធ្វើដូច្នោះរាល់តែថ្ងៃ ហើយបានប្រាក់ជាបរិបូរ
12 ស្តេច និងយេហូយ៉ាដា ក៏ប្រគល់ប្រាក់នោះ ឲ្យដល់ពួកអ្នកដែលត្រួតមើលការងារក្នុងព្រះវិហារនៃព្រះយេហូវ៉ា អ្នកទាំងនោះក៏ជួលជាងដាប់ថ្ម និងជាងឈើ ឲ្យរៀបចំព្រះវិហារនៃព្រះយេហូវ៉ាឡើងជាថ្មី ព្រមទាំងពួកជាងដែក ជាងលង្ហិន ឲ្យជួសជុលព្រះវិហារនៃព្រះយេហូវ៉ាដែរ
13 ដូច្នេះ ពួកអ្នកទាំងនោះក៏ធ្វើការទៅ ហើយការជួសជុលក៏ចំរើនឡើង ដោយសារដៃគេ គេបានរៀបចំព្រះវិហារនៃព្រះតាមសណ្ឋានដើមវិញ ព្រមទាំងធ្វើឲ្យមាំមួនជាងទៅទៀត
14 កាលគេបានធ្វើការស្រេចហើយ នោះក៏យកប្រាក់ដែលសល់នៅ ទៅថ្វាយដល់ស្តេច និងយេហូយ៉ាដា ហើយប្រាក់នោះក៏យកទៅធ្វើជាគ្រឿងប្រដាប់សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា គឺជាគ្រឿងសំរាប់ប្រើធ្វើការងារ ហើយថ្វាយដង្វាយ ព្រមទាំងកូនចាន និងគ្រឿងប្រដាប់ឯទៀត ធ្វើពីមាស និងប្រាក់ រួចការថ្វាយដង្វាយដុត នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ក៏មាននៅជានិច្ចគ្រប់១ជីវិតរបស់យេហូយ៉ាដា។
15 តែយេហូយ៉ាដា លោកកាន់តែចាស់ទៅ លោកបានស្កប់ចិត្តនឹងអាយុលោក ហើយក៏ស្លាប់ទៅ កាលលោកស្លាប់ នោះមានអាយុ១៣០ឆ្នាំហើយ