២ របាក្សត្រ 25:11-17 KHOV

11 ឯ​អ័ម៉ា‌ស៊ីយ៉ា​ទ្រង់​មាន​ព្រះ‌ទ័យ​ក្លា​ឡើង ក៏​លើក​ទ័ព​ចេញ​ទៅ​ឯ​ច្រក​ភ្នំ​អំបិល ប្រហារ​សំឡាប់​ពួក​កូន​ចៅ​សៀរអស់​១​ម៉ឺន​នាក់

12 ហើយ​១​ម៉ឺន​ទៀត ពួក​កូន​ចៅ​យូដា ក៏​ចាប់​ទាំង​រស់​ដឹក‌នាំ​ទៅ​ឯ​កំពូល​ថ្ម​ភ្នំ បោះ​ទំលាក់​ទៅ​ក្រោម​ឲ្យ​បាក់​បែក​ខ្ទេច‌ខ្ទី​អស់​ទៅ

13 តែ​ឯ​ពួក​ទ័ព​ដែល​អ័ម៉ា‌ស៊ីយ៉ា​បាន​ឲ្យ​ទៅ​វិញ មិន​ឲ្យ​ទៅ​ច្បាំង​ជា​មួយ​នោះ គេ​ក៏​ចូល​ទៅ​វាយ​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ស្រុក​សា‌ម៉ា‌រី​រហូត​ដល់​ក្រុង​បេត-ហូរ៉ុន ប្រហារ​សំឡាប់​មនុស្ស​អស់​៣​ពាន់​នាក់ ហើយ​ចាប់​យក​របឹប​បាន​ជា​ច្រើន​ដែរ។

14 រីឯ​អ័ម៉ា‌ស៊ីយ៉ា កាល​ទ្រង់​ត្រឡប់​មក ពី​ការ​ប្រហារ​សំឡាប់​ពួក​អេដំម​វិញ នោះ​ទ្រង់​នាំ​យក​អស់​ទាំង​ព្រះ​របស់​ពួក​កូន​ចៅ​សៀរ​មក តាំង​ឡើង​ជា​ព្រះ​របស់​ទ្រង់ ក៏​ក្រាប​ថ្វាយ‌បង្គំ ហើយ​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ទាំង​អស់​នោះ

15 ហេតុ​នោះ​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា​បាន​ឆួល​ឡើង ទាស់​នឹង​អ័ម៉ា‌ស៊ីយ៉ា ក៏​ចាត់​ហោរា​ម្នាក់​ឲ្យ​ទៅ​ឯ​ទ្រង់​ទូល​ថា ម្តេច​ក៏​ទ្រង់​រក​តាម​ព្រះ​របស់​សាសន៍​នោះ ដែល​មិន​អាច​នឹង​ជួយ​ពួក​គេ ឲ្យ​រួច​ពី​កណ្តាប់​ព្រះ‌ហស្ត​ទ្រង់​ផង​ដូច្នេះ

16 គ្រា​កាល​លោក​កំពុង​តែ​ទូល​នឹង​ស្តេច​នៅ​ឡើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​កាត់​ថា តើ​យើង​បាន​តាំង​ឯង ឲ្យ​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ស្តេច​ឬ ចូរ​នៅ​ស្ងៀម​ទៅ ឯង​ចង់​ឲ្យ​គេ​ប្រហារ​ឯង​បង់​ធ្វើ​អី ដូច្នេះ លោក​ក៏​លែង​ពោល ដោយ​ពាក្យ​នេះ​ថា ទូល‌បង្គំ​ដឹង​ពិត​ថា ព្រះ​ទ្រង់​បាន​សំរេច​នឹង​បំផ្លាញ​ព្រះ‌ករុណា​ទៅ ដោយ​ព្រោះ​បាន​ធ្វើ​អំពើ​យ៉ាង​នេះ ហើយ​មិន​ស្តាប់​តាម​សេចក្ដី​ដាស់‌តឿន​របស់​ទូល‌បង្គំ។

17 នៅ​គ្រា​នោះ អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​យូដា ទ្រង់​ទទួល​ព្រម​តាម​សេចក្ដី​ប្រឹក្សា​របស់​គេ ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​យ៉ូអា‌ហាស ដែល​ជា​បុត្រា​យេហ៊ូវ ស្តេច​ពួក​អ៊ីស្រា‌អែល​ថា ចូរ​ចេញ​មក យើង​មើល​មុខ​គ្នា