19 ទ្រង់មានព្រះបន្ទូលថា មើល យើងបានវាយឈ្នះពួកសាសន៍អេដំម ហើយព្រះទ័យទ្រង់បានដំកើងទ្រង់ឡើងឲ្យបានអួតខ្លួន ចូរនៅឯដំណាក់ទ្រង់ទៅ តើចង់រករឿង ដែលនឹងនាំឲ្យមានអន្តរាយ ឲ្យទ្រង់ត្រូវដួល ព្រមទាំងពួកយូដាផងធ្វើអី។
20 តែអ័ម៉ាស៊ីយ៉ាទ្រង់មិនព្រមស្តាប់តាមទេ ដ្បិតការនោះកើតមកពីព្រះ ដើម្បីឲ្យទ្រង់បានប្រគល់សាសន៍យូដា ទៅក្នុងកណ្តាប់ដៃគេ ដោយព្រោះបានស្វែងរកតាមអស់ទាំងព្រះរបស់សាសន៍អេដំម
21 ដូច្នេះ យ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ក៏យាងឡើងទៅ រួចទ្រង់ និងអ័ម៉ាស៊ីយ៉ាជាស្តេចយូដា ក៏មើលមុខគ្នា នៅត្រង់ក្រុងបេត-សេមែសជាក្រុងរបស់ពួកយូដា
22 ពួកយូដាក៏ចាញ់ពួកអ៊ីស្រាអែលហើយរត់ទៅឯទីលំនៅគេរៀងខ្លួនវិញ
23 ឯយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ចាប់អ័ម៉ាស៊ីយ៉ា ស្តេចយូដា ជាបុត្រយ៉ូអាស ដែលជាបុត្រអ័ហាស៊ីយ៉ា នៅត្រង់បេត-សេមែសបាន ក៏នាំទៅឯក្រុងយេរូសាឡិម ហើយរំលំកំផែងក្រុងយេរូសាឡិម ចាប់តាំងពីទ្វារអេប្រាអិម រហូតដល់ទ្វារជ្រុងកំផែងអស់៤០០ហត្ថ
24 ទ្រង់ក៏យកអស់ទាំងមាស ប្រាក់ និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលឃើញមាន នៅក្រោមអំណាចអូបិឌ-អេដំម ក្នុងព្រះវិហារនៃព្រះ ហើយនៅក្នុងព្រះរាជទ្រព្យទាំងប៉ុន្មាន ព្រមទាំងចាប់មនុស្សបញ្ចាំទុក រួចនាំទាំងអស់ត្រឡប់ទៅឯក្រុងសាម៉ារីវិញ។
25 ក្រោយដែលយ៉ូអាស ជាបុត្រាយ៉ូអាហាស ស្តេចអ៊ីស្រាអែលបានសុគតហើយ នោះអ័ម៉ាស៊ីយ៉ា ជាបុត្រាយ៉ូអាស ស្តេចយូដា ទ្រង់មានព្រះជន្មរស់នៅបាន១៥ឆ្នាំទៀត