២ របាក្សត្រ 25:4-10 KHOV

4 តែ​មិន​បាន​សំឡាប់​កូន​ចៅ​គេ​ទេ គឺ​បាន​ធ្វើ​តាម​សេចក្ដី​ដែល​ចែង​ទុក​មក ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​វិញ ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បញ្ញត្ត​ថា ឪពុក​មិន​ត្រូវ​ស្លាប់​ដោយ​ព្រោះ​កូន ឬ​កូន​ដោយ​ព្រោះ​ឪពុក​ឡើយ គឺ​គ្រប់​គ្នា​ត្រូវ​ស្លាប់ ដោយ​ព្រោះ​អំពើ​បាប​របស់​ខ្លួន​រៀង​ខ្លួន​វិញ។

5 មួយ​ទៀត អ័ម៉ា‌ស៊ីយ៉ា​ទ្រង់​ប្រមូល​ពួក​យូដា ឲ្យ​មូល​គ្នា រួម​ផ្គុំ​គេ​តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ នៅ​ក្រោម​អំណាច​នៃ​មេ​លើ​១​ពាន់​នាក់ និង​មេ​លើ​១​រយ​នាក់ គឺ​ទាំង​ពួក​យូដា និង​ពួក​បេន‌យ៉ា‌មីន​ទាំង​អស់​ផង ក៏​រាប់​គេ​ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ឃើញ​មាន​មនុស្ស​ជ្រើស‌រើស​៣​សែន​នាក់ ដែល​សុទ្ធ​តែ​អាច​នឹង​ទៅ​ច្បាំង​បាន ហើយ​ចេះ​កាន់​លំពែង និង​ខែល​ផង

6 ទ្រង់​ក៏​ជួល​មនុស្ស​ខ្លាំង​ពូកែ​មាន​ចិត្ត​ក្លាហាន ពី​ស្រុក​អ៊ីស្រា‌អែល បាន​ចំនួន​១​សែន​នាក់ អស់​ដំឡៃ​ជា​ប្រាក់​១០០​ហាប

7 តែ​មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់​មក​គាល់​ទ្រង់​ទូល​ថា បពិត្រ​ព្រះ‌ករុណា​អើយ កុំ​បើក​ឲ្យ​ពល‌ទ័ព​របស់​ពួក​អ៊ីស្រា‌អែល ទៅ​ជា​មួយ​នឹង​ទ្រង់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​គង់​នៅ ជា​មួយ​នឹង​ពួក​អ៊ីស្រា‌អែល គឺ​នឹង​ពួក​កូន​ចៅ​អេប្រា‌អិម​ទាំង​អម្បាលម៉ាន​ទេ

8 តែ​បើ​ទ្រង់​នាំ​គេ​ទៅ នោះ​ស្រេច​នឹង​ព្រះ‌ទ័យ​ចុះ ត្រូវ​ខំ​ប្រឹង​ឲ្យ​មាន​កំឡាំង​ឡើង សំរាប់​នឹង​ច្បាំង​ទៅ ព្រះ​នឹង​ធ្វើ​ឲ្យ​ទ្រង់​ដួល​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ ដ្បិត​ព្រះ​ទ្រង់​អាច​នឹង​ជួយ ឬ​ធ្វើ​ឲ្យ​ដួល​ក៏​បាន

9 រួច​អ័ម៉ា‌ស៊ីយ៉ា​ទ្រង់​សួរ​តប​ទៅ​អ្នក​សំណប់​របស់​ព្រះ​ថា ចុះ​ចំណែក​ប្រាក់​១០០​ហាប ដែល​យើង​បាន​ប្រគល់​ទៅ​ឲ្យ​ពួក​ទ័ព​អ៊ីស្រា‌អែល នោះ​ដូច​ម្តេច​ទៅ អ្នក​សំណប់​របស់​ព្រះ​ទូល​ឆ្លើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​អាច​នឹង​ប្រទាន ឲ្យ​ទ្រង់​បាន​ជា​ច្រើន​លើស​ជាង​នេះ​ទៅ​ទៀត

10 ដូច្នេះ អ័ម៉ា‌ស៊ីយ៉ា​ក៏​ញែក​គេ​ចេញ​ពី​គ្នា គឺ​ញែក​ពួក​ទ័ព​ដែល​មក​ពី​ស្រុក​អេប្រា‌អិម ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ផ្ទះ​វិញ គេ​ក៏​កើត​មាន​សេចក្ដី​កំហឹង​ឆួល​ក្តៅ​ឡើង​នឹង​ពួក​យូដា ហើយ​គេ​ត្រឡប់​ទៅ​វិញ ដោយ​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង