២ របាក្សត្រ 25:9-15 KHOV

9 រួច​អ័ម៉ា‌ស៊ីយ៉ា​ទ្រង់​សួរ​តប​ទៅ​អ្នក​សំណប់​របស់​ព្រះ​ថា ចុះ​ចំណែក​ប្រាក់​១០០​ហាប ដែល​យើង​បាន​ប្រគល់​ទៅ​ឲ្យ​ពួក​ទ័ព​អ៊ីស្រា‌អែល នោះ​ដូច​ម្តេច​ទៅ អ្នក​សំណប់​របស់​ព្រះ​ទូល​ឆ្លើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​អាច​នឹង​ប្រទាន ឲ្យ​ទ្រង់​បាន​ជា​ច្រើន​លើស​ជាង​នេះ​ទៅ​ទៀត

10 ដូច្នេះ អ័ម៉ា‌ស៊ីយ៉ា​ក៏​ញែក​គេ​ចេញ​ពី​គ្នា គឺ​ញែក​ពួក​ទ័ព​ដែល​មក​ពី​ស្រុក​អេប្រា‌អិម ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ផ្ទះ​វិញ គេ​ក៏​កើត​មាន​សេចក្ដី​កំហឹង​ឆួល​ក្តៅ​ឡើង​នឹង​ពួក​យូដា ហើយ​គេ​ត្រឡប់​ទៅ​វិញ ដោយ​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង

11 ឯ​អ័ម៉ា‌ស៊ីយ៉ា​ទ្រង់​មាន​ព្រះ‌ទ័យ​ក្លា​ឡើង ក៏​លើក​ទ័ព​ចេញ​ទៅ​ឯ​ច្រក​ភ្នំ​អំបិល ប្រហារ​សំឡាប់​ពួក​កូន​ចៅ​សៀរអស់​១​ម៉ឺន​នាក់

12 ហើយ​១​ម៉ឺន​ទៀត ពួក​កូន​ចៅ​យូដា ក៏​ចាប់​ទាំង​រស់​ដឹក‌នាំ​ទៅ​ឯ​កំពូល​ថ្ម​ភ្នំ បោះ​ទំលាក់​ទៅ​ក្រោម​ឲ្យ​បាក់​បែក​ខ្ទេច‌ខ្ទី​អស់​ទៅ

13 តែ​ឯ​ពួក​ទ័ព​ដែល​អ័ម៉ា‌ស៊ីយ៉ា​បាន​ឲ្យ​ទៅ​វិញ មិន​ឲ្យ​ទៅ​ច្បាំង​ជា​មួយ​នោះ គេ​ក៏​ចូល​ទៅ​វាយ​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ស្រុក​សា‌ម៉ា‌រី​រហូត​ដល់​ក្រុង​បេត-ហូរ៉ុន ប្រហារ​សំឡាប់​មនុស្ស​អស់​៣​ពាន់​នាក់ ហើយ​ចាប់​យក​របឹប​បាន​ជា​ច្រើន​ដែរ។

14 រីឯ​អ័ម៉ា‌ស៊ីយ៉ា កាល​ទ្រង់​ត្រឡប់​មក ពី​ការ​ប្រហារ​សំឡាប់​ពួក​អេដំម​វិញ នោះ​ទ្រង់​នាំ​យក​អស់​ទាំង​ព្រះ​របស់​ពួក​កូន​ចៅ​សៀរ​មក តាំង​ឡើង​ជា​ព្រះ​របស់​ទ្រង់ ក៏​ក្រាប​ថ្វាយ‌បង្គំ ហើយ​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ទាំង​អស់​នោះ

15 ហេតុ​នោះ​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា​បាន​ឆួល​ឡើង ទាស់​នឹង​អ័ម៉ា‌ស៊ីយ៉ា ក៏​ចាត់​ហោរា​ម្នាក់​ឲ្យ​ទៅ​ឯ​ទ្រង់​ទូល​ថា ម្តេច​ក៏​ទ្រង់​រក​តាម​ព្រះ​របស់​សាសន៍​នោះ ដែល​មិន​អាច​នឹង​ជួយ​ពួក​គេ ឲ្យ​រួច​ពី​កណ្តាប់​ព្រះ‌ហស្ត​ទ្រង់​ផង​ដូច្នេះ