12 ឯពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេទាំងប៉ុន្មាន គឺជាមនុស្សខ្លាំងពូកែដែលមានចិត្តក្លាហាន នោះមានចំនួន២ពាន់៦រយនាក់
13 ហើយនៅក្រោមអំណាចគេ មានពលទ័ព៣សែន៧ពាន់៥រយនាក់ ដែលចេញទៅច្បាំងដោយមានកំឡាំងយ៉ាងរឹងរបឹង សំរាប់នឹងជួយស្តេចរាំងរាខ្មាំងសត្រូវ
14 អូសៀសទ្រង់ក៏ចាត់ចែងធ្វើខែល លំពែង មួកសឹក និងអាវក្រោះ ព្រមទាំងធ្នូ និងក្រួសសំរាប់បាញ់ឲ្យគេ គឺឲ្យពួកពលទ័ពទាំងអស់នោះ
15 ហើយនៅក្រុងយេរូសាឡិមទ្រង់ក៏ធ្វើយន្ត ដែលមនុស្សប៉ិនប្រសប់បានបង្កើតឡើងដាក់លើប៉ម លើកំផែង សំរាប់បាញ់ព្រួញ និងថ្មធំៗ នោះព្រះនាមទ្រង់ក៏លាន់ឮទួទៅឆ្ងាយ ពីព្រោះទ្រង់មានសេចក្ដីជំនួយយ៉ាងអស្ចារ្យ ដរាបដល់ទ្រង់មានកំឡាំងខ្លាំង។
16 កាលទ្រង់មានកំឡាំងឡើងហើយ នោះព្រះទ័យទ្រង់ក៏ប៉ោងធំឡើង ត្រឡប់ជាខូចអស់ទៅ ទ្រង់ក៏ប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដ្បិតទ្រង់បានយាងចូលទៅ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដុតកំញាននៅលើអាសនាគ្រឿងក្រអូប
17 តែអ័សារាដ៏ជាសង្ឃ លោកចូលទៅតាម នាំទាំងពួកសង្ឃនៃព្រះយេហូវ៉ា ដែលសុទ្ធតែមានចិត្តមុតមាំ៨០នាក់ទៅជាមួយ
18 សង្ឃទាំងនោះបានឃាត់ស្តេចអូសៀស ដោយពាក្យថា ឱព្រះករុណាអូសៀសអើយ ការដុតកំញានថ្វាយព្រះយេហូវ៉ា នោះមិនសំរេចនៅទ្រង់ទេ គឺជាការងាររបស់ពួកកូនចៅអើរ៉ុនដ៏ជាសង្ឃដែលបានញែកជាបរិសុទ្ធ សំរាប់នឹងដុតកំញានវិញទេតើ ចូរចេញពីទីបរិសុទ្ធនេះទៅ ពីព្រោះទ្រង់បានរំលងច្បាប់ហើយ ការនេះក៏មិនបានរាប់ជាកិត្តិនាមដល់ទ្រង់ នៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះដែរ