18 សង្ឃទាំងនោះបានឃាត់ស្តេចអូសៀស ដោយពាក្យថា ឱព្រះករុណាអូសៀសអើយ ការដុតកំញានថ្វាយព្រះយេហូវ៉ា នោះមិនសំរេចនៅទ្រង់ទេ គឺជាការងាររបស់ពួកកូនចៅអើរ៉ុនដ៏ជាសង្ឃដែលបានញែកជាបរិសុទ្ធ សំរាប់នឹងដុតកំញានវិញទេតើ ចូរចេញពីទីបរិសុទ្ធនេះទៅ ពីព្រោះទ្រង់បានរំលងច្បាប់ហើយ ការនេះក៏មិនបានរាប់ជាកិត្តិនាមដល់ទ្រង់ នៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះដែរ
19 ដូច្នេះ អូសៀសក៏ក្រេវក្រោធ រីឯព្រះហស្តទ្រង់កាន់ពាន ប្រុងនឹងដុតកំញាន ហើយកំពុងដែលទ្រង់ក្រេវក្រោធនឹងពួកសង្ឃដូច្នេះ នោះរោគឃ្លង់ក៏លេចឡើងត្រង់ព្រះនលាដទ្រង់ នៅមុខពួកសង្ឃក្បែរអាសនាគ្រឿងក្រអូប នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា
20 អ័សារា ជាសំដេចសង្ឃ និងពួកសង្ឃឯទៀត លោកបានពិនិត្យមើល ឃើញទ្រង់កើតឃ្លង់នៅត្រង់ព្រះនលាដដូច្នោះហើយ ក៏ច្រានទ្រង់ចេញពីទីនោះទៅជាប្រញាប់ ឯទ្រង់ក៏ប្រញាប់ប្រញាល់នឹងចេញទៅដែរ ដោយព្រោះព្រះយេហូវ៉ាបានដាក់ទោសដល់ទ្រង់
21 ស្តេចអូសៀសទ្រង់មានរោគឃ្លង់ ដរាបដល់ថ្ងៃសុគត ក៏គង់នៅក្នុងរោងទីទៃពីគេ ដោយព្រោះកើតឃ្លង់ ដ្បិតទ្រង់បានត្រូវកាត់កាល់ចេញពីព្រះវិហារព្រះយេហូវ៉ា រួចយ៉ូថាម ជាព្រះរាជបុត្រាក៏ត្រួតលើព្រះរាជវាំង ព្រមទាំងជំនុំជំរះពួកអ្នកស្រុកផង
22 រីឯដំណើរឯទៀត ពីអូសៀសទាំងមុនទាំងក្រោយ នោះហោរាអេសាយ ជាកូនអ័ម៉ូស លោកបានកត់ទុកទាំងអស់ហើយ
23 អូសៀសទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ ហើយគេបញ្ចុះសពទ្រង់ នៅទីបញ្ចុះសពរបស់ពួកស្តេច ជាមួយនឹងពួកអយ្យកោទ្រង់ទៅ ដ្បិតគេថា ទ្រង់មានរោគឃ្លង់ រួចយ៉ូថាម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។