1 កាលអ័ហាសទ្រង់ចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២០ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១៦ឆ្នាំ តែទ្រង់មិនបានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាដាវីឌ ជាអយ្យកោទ្រង់ទេ
2 គឺទ្រង់បានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ហើយបានសិតធ្វើរូបទុកជាព្រះ
3 មួយទៀតទ្រង់បានដុតកំញាន នៅច្រកភ្នំរបស់កូនហ៊ីនណំម ព្រមទាំងដុតបុត្រទ្រង់ក្នុងភ្លើង តាមទំលាប់គួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ
4 ក៏ថ្វាយយញ្ញបូជា ហើយដុតកំញាន នៅលើអស់ទាំងទីខ្ពស់នៅលើភ្នំ ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីផង។