12 ដូច្នេះ ពួកមេខ្លះក្នុងពួកអេប្រាអិម គឺអ័សារា ជាកូនយ៉ូហាណាន បេរេគា ជាកូនមស៊ីលេម៉ូត យេហ៊ីសេគាជាកូនសាលូម និងអ័ម៉ាសា ជាកូនហាឌឡាយ គេលើកគ្នាទាស់នឹងពួកអ្នកដែលមកពីច្បាំងនោះថា
13 មិនត្រូវឲ្យឯងរាល់គ្នានាំពួកឈ្លើយចូលមកក្នុងស្រុកនេះទេ ដ្បិតឯងរាល់គ្នាគិតធ្វើការ ដែលនឹងនាំឲ្យយើងមានទោស នៅចំពោះព្រះយេហូវ៉ា ទាំងបន្ថែមការនេះមកលើអំពើបាប និងការរំលងរបស់យើងរាល់គ្នាទៀត ដ្បិតទោសរបស់យើងធ្ងន់ណាស់ហើយ ក៏មានសេចក្ដីក្រេវក្រោធយ៉ាងសហ័សគ្របលើពួកអ៊ីស្រាអែលដែរ
14 ដូច្នេះ ពួកទាហានក៏លះបង់ឈ្លើយទាំងនោះ និងរបឹបចោលនៅមុខពួកចៅហ្វាយ និងពួកជំនុំទាំងអស់គ្នា
15 ឯពួកអ្នកដែលចេញឈ្មោះហើយ គេក្រោកឡើងនាំពួកឈ្លើយមក រួចរើយកសំលៀកបំពាក់ពីក្នុងរបឹបនោះ ចែកដល់អស់អ្នកណាដែលអាក្រាត ឲ្យគេស្លៀកពាក់ ព្រមទាំងឲ្យមានស្បែកជើងពាក់ផង រួចចែកអាហារដល់គេឲ្យបរិភោគ ក៏ចាក់ប្រេងលាបឲ្យផង ឯអស់អ្នកណាដែលមានកំឡាំងតិច នោះគេបញ្ជិះលើសត្វលាបញ្ជូនត្រឡប់ទៅឯពួកបងប្អូនគេ ត្រឹមក្រុងយេរីខូរ ជាទីក្រុងដើមលម៉ើរទៅ រួចគេវិលមកឯក្រុងសាម៉ារីវិញ។
16 នៅគ្រានោះ ស្តេចអ័ហាសទ្រង់ចាត់សារទៅ សូមឲ្យពួកស្តេចស្រុកអាសស៊ើរមកជួយ
17 ពីព្រោះពួកអេដំមបានមកវាយស្រុកយូដាម្តងទៀត ព្រមទាំងនាំមនុស្សទៅជាឈ្លើយផង
18 ឯពួកភីលីស្ទីនគេក៏បានលុកលុយចូលទីក្រុងទាំងប៉ុន្មាន នៅស្រុកទំនាប ហើយនឹងប៉ែកស្រុកយូដាខាងត្បូង គេវាយយកបានក្រុងបេត-សេមែស ក្រុងអាយ៉ាឡូន ក្រុងកេដេរ៉ូត ក្រុងសូគរ និងតំបន់នៅជុំវិញក្រុងធីមណា និងតំបន់នៅជុំវិញ ព្រមទាំងក្រុងគីមសូរ និងតំបន់នៅជុំវិញផង រួចគេក៏អាស្រ័យនៅទីក្រុងទាំងនោះ