២ របាក្សត្រ 28:14-20 KHOV

14 ដូច្នេះ ពួក​ទាហាន​ក៏​លះ‌បង់​ឈ្លើយ​ទាំង​នោះ និង​របឹប​ចោល​នៅ​មុខ​ពួក​ចៅ‌ហ្វាយ និង​ពួក​ជំនុំ​ទាំង​អស់​គ្នា

15 ឯ​ពួក​អ្នក​ដែល​ចេញ​ឈ្មោះ​ហើយ គេ​ក្រោក​ឡើង​នាំ​ពួក​ឈ្លើយ​មក រួច​រើ​យក​សំលៀក‌បំពាក់​ពី​ក្នុង​របឹប​នោះ ចែក​ដល់​អស់​អ្នក​ណា​ដែល​អាក្រាត ឲ្យ​គេ​ស្លៀក‌ពាក់ ព្រម​ទាំង​ឲ្យ​មាន​ស្បែក​ជើង​ពាក់​ផង រួច​ចែក​អាហារ​ដល់​គេ​ឲ្យ​បរិភោគ ក៏​ចាក់​ប្រេង​លាប​ឲ្យ​ផង ឯ​អស់​អ្នក​ណា​ដែល​មាន​កំឡាំង​តិច នោះ​គេ​បញ្ជិះ​លើ​សត្វ​លា​បញ្ជូន​ត្រឡប់​ទៅ​ឯ​ពួក​បង​ប្អូន​គេ ត្រឹម​ក្រុង​យេរីខូរ ជា​ទី​ក្រុង​ដើម​លម៉ើរ​ទៅ រួច​គេ​វិល​មក​ឯ​ក្រុង​សា‌ម៉ា‌រី​វិញ។

16 នៅ​គ្រា​នោះ ស្តេច​អ័ហាស​ទ្រង់​ចាត់​សារ​ទៅ សូម​ឲ្យ​ពួក​ស្តេច​ស្រុក​អាស‌ស៊ើរ​មក​ជួយ

17 ពី​ព្រោះ​ពួក​អេដំម​បាន​មក​វាយ​ស្រុក​យូដា​ម្តង​ទៀត ព្រម​ទាំង​នាំ​មនុស្ស​ទៅ​ជា​ឈ្លើយ​ផង

18 ឯ​ពួក​ភីលីស្ទីន​គេ​ក៏​បាន​លុក‌លុយ​ចូល​ទី​ក្រុង​ទាំង​ប៉ុន្មាន នៅ​ស្រុក​ទំនាប ហើយ​នឹង​ប៉ែក​ស្រុក​យូដា​ខាង​ត្បូង គេ​វាយ​យក​បាន​ក្រុង​បេត-សេមែស ក្រុង​អាយ៉ា‌ឡូន ក្រុង​កេដេរ៉ូត ក្រុង​សូគរ និង​តំបន់​នៅ​ជុំវិញ​ក្រុង​ធីមណា និង​តំបន់​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​គីមសូរ និង​តំបន់​នៅ​ជុំវិញ​ផង រួច​គេ​ក៏​អាស្រ័យ​នៅ​ទី​ក្រុង​ទាំង​នោះ

19 ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​នាំ​ឲ្យ​ពួក​យូដា​បាន​ទាប​ថោក​ដោយ​ព្រោះ​អ័ហាស ស្តេច​សាសន៍​អ៊ីស្រា‌អែល ពី​ព្រោះ​ស្តេច​បាន​នាំ​ឲ្យ​ពួក​យូដា លែង​មាន​សេចក្ដី​ទប់​ចិត្ត​ខ្លាច​បាប ហើយ​បាន​ប្រព្រឹត្ត​រំលង​ល្មើស​យ៉ាង​ធំ ចំពោះ​ព្រះ‌យេហូវ៉ា

20 គ្រា​នោះ ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ​ក៏​មក​ឯ​ទ្រង់ តែ​មិន​បាន​ជួយ​ចំរើន​កំឡាំង​ទ្រង់​ទេ គឺ​បាន​ធ្វើ​ឲ្យ​ទ្រង់​មាន​សេចក្ដី​លំបាក​វិញ