3 មួយទៀតទ្រង់បានដុតកំញាន នៅច្រកភ្នំរបស់កូនហ៊ីនណំម ព្រមទាំងដុតបុត្រទ្រង់ក្នុងភ្លើង តាមទំលាប់គួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ
4 ក៏ថ្វាយយញ្ញបូជា ហើយដុតកំញាន នៅលើអស់ទាំងទីខ្ពស់នៅលើភ្នំ ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីផង។
5 ហេតុនោះបានជាព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ក៏ប្រគល់ទ្រង់ទៅក្នុងកណ្តាប់ដៃនៃស្តេចស្រុកស៊ីរី គេក៏វាយពួកទ្រង់ ហើយចាប់យកជាច្រើននាំទៅជាឈ្លើយដល់ក្រុងដាម៉ាស ហើយទ្រង់ត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចអ៊ីស្រាអែលដែរ ដែលស្តេចនោះក៏វាយពួកទ្រង់ ប្រហារសំឡាប់មនុស្សយ៉ាងសន្ធឹក
6 ដ្បិតពេកាជាបុត្រារេម៉ាលាទ្រង់បានសំឡាប់មនុស្ស ដែលមានចិត្តក្លាហាន នៅស្រុកយូដា អស់១សែន២ម៉ឺននាក់ក្នុង១ថ្ងៃ ពីព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោ
7 ហើយស៊ីកគ្រី ជាមនុស្សខ្លាំងពូកែ ពីស្រុកអេប្រាអិម ក៏សំឡាប់ម្អាសេយ៉ា ជាបុត្រាស្តេច ហើយនឹងអាសរីកាម ជាឧកញ៉ាវាំង ព្រមទាំងអែលកាណា ជាឧបរាជស្តេចទៅផង។
8 ពួកកូនចៅអ៊ីស្រាអែល ក៏ដឹកនាំពួកបងប្អូនគេទៅជាឈ្លើយអស់២សែននាក់ មានទាំងស្រីៗ និងកូនប្រុសកូនស្រីរបស់គេ និងរបឹបជាច្រើនផង ទៅឯក្រុងសាម៉ារី
9 ប៉ុន្តែនៅទីនោះមានហោរាម្នាក់របស់ព្រះយេហូវ៉ា ឈ្មោះអូដេឌ លោកចេញទៅជួបនឹងពលទ័ព ដែលវិលមកឯក្រុងសាម៉ារី ពោលថា មើល ដោយព្រោះព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោអ្នករាល់គ្នា ទ្រង់មានសេចក្ដីក្រោធដល់ពួកយូដា បានជាទ្រង់ប្រគល់គេមកក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានប្រហារជីវិតគេ ដោយមោហោចិត្ត ដែលគរឡើងដល់ផ្ទៃមេឃហើយ