9 ប៉ុន្តែនៅទីនោះមានហោរាម្នាក់របស់ព្រះយេហូវ៉ា ឈ្មោះអូដេឌ លោកចេញទៅជួបនឹងពលទ័ព ដែលវិលមកឯក្រុងសាម៉ារី ពោលថា មើល ដោយព្រោះព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោអ្នករាល់គ្នា ទ្រង់មានសេចក្ដីក្រោធដល់ពួកយូដា បានជាទ្រង់ប្រគល់គេមកក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានប្រហារជីវិតគេ ដោយមោហោចិត្ត ដែលគរឡើងដល់ផ្ទៃមេឃហើយ
10 ឥឡូវនេះ អ្នករាល់គ្នាគិតបង្ក្រាបពួកកូនចៅយូដា និងពួកក្រុងយេរូសាឡិម ទុកជាបាវប្រុសបាវស្រីរបស់អ្នករាល់គ្នាទៀត តែឯអ្នករាល់គ្នា តើមិនមានអំពើរំលងចំពោះព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាដែរទេឬអី
11 ដូច្នេះ ចូរស្តាប់ខ្ញុំឥឡូវចុះ ត្រូវបើកឲ្យពួកបងប្អូនរបស់អ្នករាល់គ្នា ដែលបាននាំមកជាឈ្លើយនេះ ត្រឡប់ទៅវិញទៅ ដ្បិតសេចក្ដីក្រេវក្រោធដ៏សហ័សផងព្រះយេហូវ៉ា បានគ្របលើអ្នករាល់គ្នាហើយ
12 ដូច្នេះ ពួកមេខ្លះក្នុងពួកអេប្រាអិម គឺអ័សារា ជាកូនយ៉ូហាណាន បេរេគា ជាកូនមស៊ីលេម៉ូត យេហ៊ីសេគាជាកូនសាលូម និងអ័ម៉ាសា ជាកូនហាឌឡាយ គេលើកគ្នាទាស់នឹងពួកអ្នកដែលមកពីច្បាំងនោះថា
13 មិនត្រូវឲ្យឯងរាល់គ្នានាំពួកឈ្លើយចូលមកក្នុងស្រុកនេះទេ ដ្បិតឯងរាល់គ្នាគិតធ្វើការ ដែលនឹងនាំឲ្យយើងមានទោស នៅចំពោះព្រះយេហូវ៉ា ទាំងបន្ថែមការនេះមកលើអំពើបាប និងការរំលងរបស់យើងរាល់គ្នាទៀត ដ្បិតទោសរបស់យើងធ្ងន់ណាស់ហើយ ក៏មានសេចក្ដីក្រេវក្រោធយ៉ាងសហ័សគ្របលើពួកអ៊ីស្រាអែលដែរ
14 ដូច្នេះ ពួកទាហានក៏លះបង់ឈ្លើយទាំងនោះ និងរបឹបចោលនៅមុខពួកចៅហ្វាយ និងពួកជំនុំទាំងអស់គ្នា
15 ឯពួកអ្នកដែលចេញឈ្មោះហើយ គេក្រោកឡើងនាំពួកឈ្លើយមក រួចរើយកសំលៀកបំពាក់ពីក្នុងរបឹបនោះ ចែកដល់អស់អ្នកណាដែលអាក្រាត ឲ្យគេស្លៀកពាក់ ព្រមទាំងឲ្យមានស្បែកជើងពាក់ផង រួចចែកអាហារដល់គេឲ្យបរិភោគ ក៏ចាក់ប្រេងលាបឲ្យផង ឯអស់អ្នកណាដែលមានកំឡាំងតិច នោះគេបញ្ជិះលើសត្វលាបញ្ជូនត្រឡប់ទៅឯពួកបងប្អូនគេ ត្រឹមក្រុងយេរីខូរ ជាទីក្រុងដើមលម៉ើរទៅ រួចគេវិលមកឯក្រុងសាម៉ារីវិញ។