13 ក្នុងពួកកូនចៅអេលីសាផាន មានស៊ីមរី និងយីអែល ក្នុងពួកកូនចៅអេសាភ មានសាការី និងម៉ាថានា
14 ក្នុងពួកកូនចៅហេម៉ាន មានយីអែល និងស៊ីម៉ាយ ក្នុងពួកកូនចៅយេឌូថិន មានសេម៉ាយ៉ា និងអ៊ូស៊ាល
15 អ្នកទាំងនោះក៏ប្រមូលពួកបងប្អូនគេ ហើយញែកខ្លួនចេញជាបរិសុទ្ធ រួចចូលទៅសំអាតព្រះវិហារនៃព្រះយេហូវ៉ា តាមព្រះបន្ទូលនៃព្រះយេហូវ៉ាដោយសារស្តេច
16 ពួកសង្ឃគេចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាប៉ែកខាងក្នុង ដើម្បីនឹងសំអាតទីនោះ ក៏នាំយករបស់ស្មោកគ្រោកទាំងអស់ ដែលឃើញមានក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចេញមកឯទីលានព្រះវិហារ រួចពួកលេវីនាំគ្នាជញ្ជូនពីទីនោះ យកទៅចោលនៅត្រង់ជ្រោះកេដ្រុន
17 គេចាប់តាំងញែកជាបរិសុទ្ធ នៅថ្ងៃដំបូងខែចេត្រ ហើយដល់ថ្ងៃទី៨ក្នុងខែនោះ គេបានសំអាតមកដល់ទីបាំងសាចផងព្រះយេហូវ៉ា ដូច្នេះ គេបានញែកព្រះវិហារនៃព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ក្នុងរវាង៨ថ្ងៃ លុះដល់ថ្ងៃ១៦ខែនោះឯង គេបានធ្វើការទាំងអស់រួចជាស្រេច
18 រួចគេចូលទៅក្នុងព្រះរាជដំណាក់ គាល់ស្តេចហេសេគា ទូលថា យើងខ្ញុំរាល់គ្នាបានសំអាតព្រះវិហារនៃព្រះយេហូវ៉ាស្រេចហើយ ព្រមទាំងអាសនាដង្វាយដុត និងគ្រឿងប្រដាប់នៃអាសនាទាំងអស់ តុសំរាប់នំបុ័ងតាំងទុក និងគ្រឿងប្រដាប់នៃតុនោះទាំងអស់ផង
19 មួយទៀត អស់ទាំងគ្រឿងប្រដាប់ ដែលស្តេចអ័ហាសបានចោលចេញក្នុងរាជ្យទ្រង់ នៅវេលាដែលទ្រង់បានប្រព្រឹត្តល្មើស នោះយើងខ្ញុំបានចាត់ចែង ហើយញែកជាបរិសុទ្ធរួចជាស្រេច មើល របស់ទាំងនោះនៅមុខអាសនានៃព្រះយេហូវ៉ាស្រាប់។