២ របាក្សត្រ 29:2-8 KHOV

2 ទ្រង់​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ដាវីឌ​ជា​អយ្យកោ​ទ្រង់​បាន​ធ្វើ​ដែរ

3 នៅ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​១​នៃ​រាជ្យ​ទ្រង់ នោះ​ទ្រង់​ក៏​បើក​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ជួស‌ជុល​ទ្វារ​ទាំង​នោះ​ឡើង​វិញ​ផង

4 រួច​ទ្រង់​នាំ​ពួក​សង្ឃ និង​ពួក​លេវី​មក​ឲ្យ​មូល​គ្នា នៅ​ទី‌ធ្លា​ខាង​កើត

5 មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​លេវី​អើយ ចូរ​ស្តាប់​តាម​យើង​ចុះ ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​នាំ​យក​របស់​ស្មោក‌គ្រោក​ចេញ​ពី​ទី​បរិសុទ្ធ ហើយ​ញែក​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​ដែរ

6 ដ្បិត​បិតា​ទាំង‌ឡាយ​របស់​យើង​រាល់​គ្នា​បាន​រំលង ដោយ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ព្រម​ទាំង​បោះ‌បង់​ចោល​ទ្រង់ ហើយ​ងាក​មុខ​ចេញ​ពី​ទី​លំនៅ​នៃ​ព្រះ‌យេហូវ៉ា បែរ​ខ្នង​ទៅ​ឲ្យ​វិញ

7 គេ​បាន​ទាំង​បិទ​ទ្វារ​ទី​បាំង‌សាច ហើយ​ពន្លត់​ចង្កៀង ក៏​មិន​បាន​ដុត​កំញាន ឬ​ថ្វាយ​ដង្វាយ​ដុត​ក្នុង​ទី​បរិសុទ្ធ ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ

8 ហេតុ​នោះ​បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​មក​គ្រប​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​ប្រគល់​គេ​ឲ្យ​ត្រូវ​មាន​ចលាចល ឲ្យ​ត្រូវ​សេចក្ដី​អស្ចារ្យ និង​សេចក្ដី​ចំអក​ឡក‌ឡឺយ​របស់​គេ ដូច​ជា​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់