២ របាក្សត្រ 29:25-31 KHOV

25 ទ្រង់​ក៏​តាំង​ពួក​លេវី​ឲ្យ​កាន់​ឈឹង ពិណ និង​ស៊ុង​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ដាវីឌ និង​កាឌ់​ជា​អ្នក​មើល‌ឆុត​របស់​ទ្រង់ ហើយ​នឹង​ហោរា​ណាថាន់ ដ្បិត​សេចក្ដី​បង្គាប់​នោះ​បាន​កើត​មក​ពី​ព្រះ‌យេហូវ៉ា ដោយ‌សារ​ពួក​ហោរា​ទ្រង់

26 ដូច្នេះ ពួក​លេវី​ក៏​ឈរ​នៅ មាន​ទាំង​ប្រដាប់​ភ្លេង​របស់​ដាវីឌ ហើយ​ពួក​សង្ឃ​ក៏​មាន​ត្រែ

27 រួច​ហេសេគា​ទ្រង់​បង្គាប់ ឲ្យ​ថ្វាយ​ដង្វាយ​ដុត​នៅ​លើ​អាស‌នា រីឯ​កាល​ចាប់​តាំង​ដុត​ដង្វាយ នោះ​ចំរៀង​នៃ​ព្រះ‌យេហូវ៉ា ក៏​ផ្តើម​ឮ​ឡើង ព្រម​ទាំង​ត្រែ និង​គ្រឿង​ភ្លេង​របស់​ដាវីឌ ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល​ផង

28 ពួក​ជំនុំ​ទាំង​អស់​គ្នា គេ​ក្រាប​ថ្វាយ‌បង្គំ ពួក​ចំរៀង​ក៏​ច្រៀង ពួក​ផ្លុំ​ត្រែ​ក៏​ផ្លុំ​ឡើង​ព្រម​គ្នា ដរាប​ដល់​ដង្វាយ​ដុត​បាន​សុស​ហើយ។

29 កាល​បាន​ថ្វាយ​ដង្វាយ​ដុត​រួច​ជា​ស្រេច នោះ​ស្តេច និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ទាំង​ប៉ុន្មាន ក៏​ឱន​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ

30 មួយ​ទៀត ស្តេច​ហេសេគា និង​ពួក​អ្នក​ជា​ប្រធាន ក៏​បង្គាប់​ពួក​លេវី ឲ្យ​ច្រៀង​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ទំនុក​របស់​ដាវីឌ និង​របស់​អេសាភ ជា​អ្នក​មើល‌ឆុត គេ​ក៏​ច្រៀង​សរសើរ​ដោយ​ចិត្ត​រីក‌រាយ​សប្បាយ រួច​ឱន​ក្បាល​ថ្វាយ‌បង្គំ។

31 នៅ​ខណៈ​នោះ ហេសេគា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឡើង​ថា ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​ថ្វាយ​ខ្លួន ដល់​ព្រះ‌យេហូវ៉ា​ហើយ ដូច្នេះ ចូរ​មក​ជិត​នាំ​ទាំង​យញ្ញ‌បូជា និង​ដង្វាយ​អរ​ព្រះ‌គុណ ចូល​មក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ពួក​ជំនុំ​ក៏​នាំ​យក​យញ្ញ‌បូជា និង​ដង្វាយ​អរ​ព្រះ‌គុណ​មក ហើយ​អស់​អ្នក​ណា​ដែល​ស្ម័គ្រ​ពី​ចិត្ត ក៏​នាំ​យក​ដង្វាយ​ដុត​មក​ដែរ