២ របាក្សត្រ 29:27-33 KHOV

27 រួច​ហេសេគា​ទ្រង់​បង្គាប់ ឲ្យ​ថ្វាយ​ដង្វាយ​ដុត​នៅ​លើ​អាស‌នា រីឯ​កាល​ចាប់​តាំង​ដុត​ដង្វាយ នោះ​ចំរៀង​នៃ​ព្រះ‌យេហូវ៉ា ក៏​ផ្តើម​ឮ​ឡើង ព្រម​ទាំង​ត្រែ និង​គ្រឿង​ភ្លេង​របស់​ដាវីឌ ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល​ផង

28 ពួក​ជំនុំ​ទាំង​អស់​គ្នា គេ​ក្រាប​ថ្វាយ‌បង្គំ ពួក​ចំរៀង​ក៏​ច្រៀង ពួក​ផ្លុំ​ត្រែ​ក៏​ផ្លុំ​ឡើង​ព្រម​គ្នា ដរាប​ដល់​ដង្វាយ​ដុត​បាន​សុស​ហើយ។

29 កាល​បាន​ថ្វាយ​ដង្វាយ​ដុត​រួច​ជា​ស្រេច នោះ​ស្តេច និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ទាំង​ប៉ុន្មាន ក៏​ឱន​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ

30 មួយ​ទៀត ស្តេច​ហេសេគា និង​ពួក​អ្នក​ជា​ប្រធាន ក៏​បង្គាប់​ពួក​លេវី ឲ្យ​ច្រៀង​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ទំនុក​របស់​ដាវីឌ និង​របស់​អេសាភ ជា​អ្នក​មើល‌ឆុត គេ​ក៏​ច្រៀង​សរសើរ​ដោយ​ចិត្ត​រីក‌រាយ​សប្បាយ រួច​ឱន​ក្បាល​ថ្វាយ‌បង្គំ។

31 នៅ​ខណៈ​នោះ ហេសេគា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឡើង​ថា ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​ថ្វាយ​ខ្លួន ដល់​ព្រះ‌យេហូវ៉ា​ហើយ ដូច្នេះ ចូរ​មក​ជិត​នាំ​ទាំង​យញ្ញ‌បូជា និង​ដង្វាយ​អរ​ព្រះ‌គុណ ចូល​មក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ពួក​ជំនុំ​ក៏​នាំ​យក​យញ្ញ‌បូជា និង​ដង្វាយ​អរ​ព្រះ‌គុណ​មក ហើយ​អស់​អ្នក​ណា​ដែល​ស្ម័គ្រ​ពី​ចិត្ត ក៏​នាំ​យក​ដង្វាយ​ដុត​មក​ដែរ

32 ឯ​ដង្វាយ​ដុត​ដែល​ពួក​ជំនុំ​បាន​យក​មក នោះ​មាន​ចំនួន​ជា​គោ​៧០ ចៀម​ឈ្មោល​១០០ និង​កូន​ចៀម​២០០ នោះ​ឯង​សុទ្ធ​តែ​សំរាប់​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទាំង​អស់

33 ហើយ​ដង្វាយ​ដែល​ថ្វាយ​ដាច់​ទៅ​ព្រះ នោះ​គឺ​គោ​៦០០ និង​ចៀម​៣​ពាន់