1 ហេសេគាក៏ចាត់គេ ឲ្យទៅឯពួកអ៊ីស្រាអែល ហើយនឹងពួកយូដាទាំងអស់ ក៏ផ្ញើព្រះរាជសាសន៍ដល់ពួកអេប្រាអិម និងពួកម៉ាន៉ាសេ ឲ្យមកឯព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម ដើម្បីនឹងធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
2 ដ្បិតស្តេចនឹងពួកអ្នកជាប្រធាន ហើយនឹងពួកជំនុំទាំងអស់គ្នា ដែលនៅក្រុងយេរូសាឡិម បានប្រឹក្សាសំរេចនឹងធ្វើបុណ្យរំលងនៅខែទី២
3 ពីព្រោះគេធ្វើនៅវេលានោះឯងពុំបាន ដោយព្រោះពួកសង្ឃមិនទាន់ញែកខ្លួនចេញជាបរិសុទ្ធ ឲ្យបានគ្នាល្មមនៅឡើយ ហើយពួកបណ្តាជនក៏មិនទាន់បានមូលគ្នានៅក្រុងយេរូសាឡិមផង
4 តែដំណើរនោះ ស្តេចព្រមទាំងពួកជំនុំទាំងអស់គ្នា ក៏យល់ឃើញថាត្រឹមត្រូវដែរ
5 ដូច្នេះ ក៏ចេញច្បាប់ ឲ្យប្រកាសប្រាប់ នៅពេញក្នុងស្រុកអ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរ-សេបា រហូតដល់ក្រុងដាន់ឲ្យមកធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នៅក្រុងយេរូសាឡិម ដ្បិតជាយូរយារមកហើយ គេមិនបានធ្វើបុណ្យនោះ ដូចជាមានសេចក្ដីចែងទុកមកនោះទេ