18 មានបណ្តាជនយ៉ាងសន្ធឹកក្នុងពួកអេប្រាអិម ពួកម៉ាន៉ាសេ ពួកអ៊ីសាខារ និងពួកសាប់យូល៉ូន ដែលមិនបានសំអាតខ្លួនទេ ប៉ុន្តែគេបានបរិភោគបុណ្យរំលងនោះដែរ ខុសនឹងរបៀបដែលចែងទុកមក ប៉ុន្តែហេសេគាទ្រង់អធិស្ឋានឲ្យគេថា
19 សូមព្រះយេហូវ៉ាដ៏ប្រកបដោយករុណាគុណ ទ្រង់អត់ទោសដល់អស់អ្នកណាដែលតាំងចិត្តស្វែងរកព្រះ គឺជាព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ ទោះបើមិនបានសំអាតខ្លួន តាមរបៀបនៃទីបរិសុទ្ធក៏ដោយ
20 ព្រះយេហូវ៉ាក៏ស្តាប់តាមហេសេគាទ្រង់ប្រោសឲ្យគេបានជា
21 ពួកកូនចៅអ៊ីស្រាអែលដែលបានមកឯក្រុងយេរូសាឡិម គេធ្វើបុណ្យនំបុ័ងឥតដំបែនោះអស់៧ថ្ងៃ ដោយសេចក្ដីរីករាយជាខ្លាំង ហើយពួកលេវី និងពួកសង្ឃ ក៏ច្រៀងសរសើរថ្វាយព្រះយេហូវ៉ា រាល់ៗថ្ងៃ ផ្សំដោយភ្លេងមានសូរយ៉ាងខ្លាំង ថ្វាយព្រះយេហូវ៉ា
22 ឯហេសេគាទ្រង់ក៏មានព្រះបន្ទូលព្រលួងព្រលោមចិត្តនៃពួកលេវីទាំងប៉ុន្មាន ដែលមានចំណេះចេះស្ទាត់ក្នុងការងារនៃព្រះយេហូវ៉ា យ៉ាងនោះគេបានបរិភោគគ្រប់ទាំង៧ថ្ងៃនៃបុណ្យនោះ ហើយបានថ្វាយយញ្ញបូជាទុកជាដង្វាយមេត្រី ព្រមទាំងលន់តួដល់ព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ។
23 ពួកជំនុំទាំងអស់គ្នាក៏ប្រឹក្សា សំរេចនឹងធ្វើបុណ្យនោះ៧ថ្ងៃទៀត ដូច្នេះ គេក៏ធ្វើ៧ថ្ងៃទៀត ដោយរីករាយសប្បាយ
24 ដ្បិតហេសេគា ជាស្តេចយូដា ទ្រង់បានប្រទានគោ១ពាន់ និងចៀម៧ពាន់ ដល់ពួកជំនុំសំរាប់ជាដង្វាយ ហើយពួកអ្នកជាប្រធានក៏ឲ្យគោ១ពាន់ និងចៀម១ម៉ឺនដល់គេដែរ ក៏មានពួកសង្ឃជាច្រើនបានញែកខ្លួនជាបរិសុទ្ធ