២ របាក្សត្រ 30:19-25 KHOV

19 សូម​ព្រះ‌យេហូវ៉ា​ដ៏​ប្រកប​ដោយ​ករុណា​គុណ ទ្រង់​អត់​ទោស​ដល់​អស់​អ្នក​ណា​ដែល​តាំង​ចិត្ត​ស្វែង​រក​ព្រះ គឺ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ទោះ​បើ​មិន​បាន​សំអាត​ខ្លួន តាម​របៀប​នៃ​ទី​បរិសុទ្ធ​ក៏​ដោយ

20 ព្រះ‌យេហូវ៉ា​ក៏​ស្តាប់​តាម​ហេសេគា​ទ្រង់​ប្រោស​ឲ្យ​គេ​បាន​ជា

21 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​បាន​មក​ឯ​ក្រុង​យេរូ‌សាឡិម គេ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ​នោះ​អស់​៧​ថ្ងៃ ដោយ​សេចក្ដី​រីក‌រាយ​ជា​ខ្លាំង ហើយ​ពួក​លេវី និង​ពួក​សង្ឃ ក៏​ច្រៀង​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា រាល់ៗ​ថ្ងៃ ផ្សំ​ដោយ​ភ្លេង​មាន​សូរ​យ៉ាង​ខ្លាំង ថ្វាយ​ព្រះ‌យេហូវ៉ា

22 ឯ​ហេសេគា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ព្រលួង‌ព្រលោម​ចិត្ត​នៃ​ពួក​លេវី​ទាំង​ប៉ុន្មាន ដែល​មាន​ចំណេះ​ចេះ​ស្ទាត់​ក្នុង​ការ‌ងារ​នៃ​ព្រះ‌យេហូវ៉ា យ៉ាង​នោះ​គេ​បាន​បរិភោគ​គ្រប់​ទាំង​៧​ថ្ងៃ​នៃ​បុណ្យ​នោះ ហើយ​បាន​ថ្វាយ​យញ្ញ‌បូជា​ទុក​ជា​ដង្វាយ​មេត្រី ព្រម​ទាំង​លន់‌តួ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ។

23 ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ប្រឹក្សា សំរេច​នឹង​ធ្វើ​បុណ្យ​នោះ​៧​ថ្ងៃ​ទៀត ដូច្នេះ គេ​ក៏​ធ្វើ​៧​ថ្ងៃ​ទៀត ដោយ​រីក‌រាយ​សប្បាយ

24 ដ្បិត​ហេសេគា ជា​ស្តេច​យូដា ទ្រង់​បាន​ប្រទាន​គោ​១​ពាន់ និង​ចៀម​៧​ពាន់ ដល់​ពួក​ជំនុំ​សំរាប់​ជា​ដង្វាយ ហើយ​ពួក​អ្នក​ជា​ប្រធាន​ក៏​ឲ្យ​គោ​១​ពាន់ និង​ចៀម​១​ម៉ឺន​ដល់​គេ​ដែរ ក៏​មាន​ពួក​សង្ឃ​ជា​ច្រើន​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ

25 នោះ​ជំនុំ​ទាំង​មូល​នៃ​ពួក​យូដា ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី ហើយ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ដែល​មក​ពី​ស្រុក​អ៊ីស្រា‌អែល និង​ពួក​អ្នក​ដែល​បាន​ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល មក​តាំង​ទី​លំនៅ ក្នុង​ស្រុក​យូដា គេ​ក៏​នាំ​គ្នា​អរ​សប្បាយ​ឡើង