២ របាក្សត្រ 31:1-4 KHOV

1 រីឯ​វេលា​ដែល​ការ​ទាំង​នោះ បាន​រួច​ជា​ស្រេច​ហើយ នោះ​ពួក​អ៊ីស្រា‌អែល​ដែល​មក​ប្រជុំ​គ្នា ក៏​ចេញ​ទៅ​ឯ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា បំបាក់​បំបែក​បង្គោល​ថ្ម​ទាំង​ប៉ុន្មាន​ដែល​សំរាប់​គោរព ហើយ​កាប់​រំលំ​រូប​ព្រះ ព្រម​ទាំង​បំផ្លាញ​ទី​ខ្ពស់ និង​អាស‌នា​ទាំង​ប៉ុន្មាន នៅ​ពេញ​ក្នុង​ស្រុក​យូដា ស្រុក​បេន‌យ៉ា‌មីន ស្រុក​អេប្រា‌អិម និង​ស្រុក​ម៉ាន៉ាសេ​ដែរ ដរាប​ដល់​បាន​លាញ​ចេញ​ទាំង​អស់​ទៅ រួច​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​វិល​ត្រឡប់​ទៅ​ឯ​កេរ‌អាករ​នៅ​ក្នុង​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន​វិញ។

2 ហេសេគា​ទ្រង់​ក៏​តាំង​វេន​ពួក​សង្ឃ និង​ពួក​លេវី​តាម​ផ្នែក​ពួក​គេ គឺ​គ្រប់​គ្នា​តាម​ការ‌ងារ​ដែល​ខ្លួន​ត្រូវ​ធ្វើ ទាំង​ពួក​សង្ឃ និង​ពួក​លេវី​ដែរ ដើម្បី​ឲ្យ​បាន​ថ្វាយ​ដង្វាយ​ដុត ដង្វាយ​មេត្រី ហើយ​ធ្វើ​ការ‌ងារ​ផ្សេងៗ ព្រម​ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​សរសើរ នៅ​ត្រង់​អស់​ទាំង​ទ្វារ​ទី​លំនៅ​នៃ​ព្រះ‌យេហូវ៉ា

3 ទ្រង់​ក៏​ថ្វាយ​ព្រះ‌រាជ​ទ្រព្យ​១​ចំណែក ទុក​សំរាប់​ជា​ដង្វាយ​ដុត គឺ​ដង្វាយ​ដុត​ពេល​ព្រឹក និង​ពេល​ល្ងាច ដង្វាយ​ដុត​នៅ​ថ្ងៃ​ឈប់​សំរាក និង​នៅ​ថ្ងៃ​ចូល​ខែ ហើយ​នៅ​ថ្ងៃ​បុណ្យ​ដែល​មាន​កំណត់ ដូច​ជា​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា

4 មួយ​ទៀត​ទ្រង់​បង្គាប់​ដល់​ពួក​មនុស្ស នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​ចែក​ឲ្យ​ពួក​សង្ឃ និង​ពួក​លេវី​មាន​ចំណែក​ដែរ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​កាន់​ខ្ជាប់ តាម​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា