13 រួចយេហ៊ីអែល អ័សាស៊ា ណាហាត់ អេសាអែល យេរីម៉ូត យ៉ូសាបាឌ អេសាល យីសម៉ាគា ម៉ាហាត និងបេណាយ៉ា គេសុទ្ធតែជាអ្នកត្រួតលើការនោះនៅក្រោមអំណាចកូណានា និងស៊ីម៉ាយ ប្អូនលោក តាមបង្គាប់ស្តេចហេសេគា និងអ័សារា ជាអ្នកគ្រប់គ្រងនៅព្រះវិហារនៃព្រះ
14 ហើយកូរេ កូនយីមន៉ា ជាពួកលេវី ដែលចាំទ្វារខាងកើត លោកត្រួតលើដង្វាយដែលថ្វាយដល់ព្រះដោយស្ម័គ្រពីចិត្ត ដើម្បីនឹងចែកដង្វាយរបស់ផងព្រះយេហូវ៉ា ព្រមទាំងរបស់បរិសុទ្ធបំផុត
15 នៅក្រោមអំណាចលោក នោះមានអេដែន មីនយ៉ាមីន យេសួរ សេម៉ាយ៉ា អ័ម៉ារា និងសេកានា ដែលនៅអស់ទាំងទីក្រុងរបស់ពួកសង្ឃ ជាអ្នកចែកដល់បងប្អូនគេទាំងធំទាំងតូច តាមវេនឲ្យស្មើគ្នា ដោយចិត្តស្មោះត្រង់
16 គឺជាពួកប្រុសៗដែលបានកត់ក្នុងបញ្ជី ចាប់តាំងពីអាយុ៣ឆ្នាំឡើងទៅលើ ជាពួកអ្នកដែលចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា តាមតែត្រូវការរាល់តែថ្ងៃ សំរាប់ការងារដែលផ្ញើទុកនឹងគេតាមវេនរៀងខ្លួន
17 និងពួកអ្នកដែលបានរាប់តាមពង្សាវតារនៃពួកសង្ឃតាមវង្សរបស់ឪពុកគេ ហើយនឹងពួកលេវី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ តាមការងារ តាមវេនគេ
18 ព្រមទាំងពួកអ្នកដែលបានរាប់ តាមពង្សាវតារនៃពួកកូនតូចៗ ប្រពន្ធ និងកូនប្រុស កូនស្រីរបស់គេ នៅគ្រប់ក្នុងពួកជំនុំ ដ្បិតអ្នកទាំងនោះបានញែកខ្លួនចេញជាបរិសុទ្ធ ខំធ្វើការងារនោះដោយឥតសៅហ្មង
19 ហើយចំណែកពួកកូនចៅអើរ៉ុន ជាពួកសង្ឃដែលនៅចំការ ក្នុងក្រវល់ជុំវិញទីក្រុងរបស់គេ នោះមានមនុស្សដែលបានចេញឈ្មោះជាស្រេច នៅគ្រប់ទាំងទីក្រុង ទុកសំរាប់នឹងចែកចំណែកឲ្យដល់ពួកប្រុសៗក្នុងពួកសង្ឃនោះ និងដល់អស់អ្នកដែលបានរាប់តាមពង្សាវតារពួកលេវី។