២ របាក្សត្រ 31:2-8 KHOV

2 ហេសេគា​ទ្រង់​ក៏​តាំង​វេន​ពួក​សង្ឃ និង​ពួក​លេវី​តាម​ផ្នែក​ពួក​គេ គឺ​គ្រប់​គ្នា​តាម​ការ‌ងារ​ដែល​ខ្លួន​ត្រូវ​ធ្វើ ទាំង​ពួក​សង្ឃ និង​ពួក​លេវី​ដែរ ដើម្បី​ឲ្យ​បាន​ថ្វាយ​ដង្វាយ​ដុត ដង្វាយ​មេត្រី ហើយ​ធ្វើ​ការ‌ងារ​ផ្សេងៗ ព្រម​ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​សរសើរ នៅ​ត្រង់​អស់​ទាំង​ទ្វារ​ទី​លំនៅ​នៃ​ព្រះ‌យេហូវ៉ា

3 ទ្រង់​ក៏​ថ្វាយ​ព្រះ‌រាជ​ទ្រព្យ​១​ចំណែក ទុក​សំរាប់​ជា​ដង្វាយ​ដុត គឺ​ដង្វាយ​ដុត​ពេល​ព្រឹក និង​ពេល​ល្ងាច ដង្វាយ​ដុត​នៅ​ថ្ងៃ​ឈប់​សំរាក និង​នៅ​ថ្ងៃ​ចូល​ខែ ហើយ​នៅ​ថ្ងៃ​បុណ្យ​ដែល​មាន​កំណត់ ដូច​ជា​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា

4 មួយ​ទៀត​ទ្រង់​បង្គាប់​ដល់​ពួក​មនុស្ស នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​ចែក​ឲ្យ​ពួក​សង្ឃ និង​ពួក​លេវី​មាន​ចំណែក​ដែរ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​កាន់​ខ្ជាប់ តាម​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា

5 កាល​សេចក្ដី​បង្គាប់​នោះ​បាន​ឮ​សុស‌សាយ​ទៅ ស្រាប់​តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ថ្វាយ​ដង្វាយ​ជា​បរិបូរ គឺ​ជា​ផល​ដំបូង ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ‌ជូរ ពី​ប្រេង ពី​ទឹក​ឃ្មុំ ហើយ​ពី​ផល​នៃ​ចំការ​ទាំង​អស់ គេ​ក៏​យក​១​ភាគ​ក្នុង​១០ ពី​របស់​ទាំង​អស់​មក​ជា​បរិបូរ​ដែរ

6 ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​យូដា ដែល​នៅ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា គេ​ក៏​យក​១​ភាគ​ក្នុង​១០​ពី​ហ្វូង​គោ ហ្វូង​ចៀម និង​១​ភាគ​ក្នុង​១០​ពី​របស់​បរិសុទ្ធ ដែល​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ មក​គរ​ឡើង​ជា​គំនរ​ដែរ

7 គេ​ចាប់​តាំង​គរ​គំនរ​ទាំង​នោះ នៅ​ក្នុង​ខែ​ជេស្ឋ រួច​ដល់​ខែ​អស្សុជ​ទើប​បាន​ហើយ

8 កាល​ហេសេគា និង​ពួក​អ្នក​ជា​ប្រធាន បាន​មក​ឃើញ​គំនរ​ទាំង​នោះ គេ​ក៏​សរសើរ‌ដំកើង​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់