២ របាក្សត្រ 32:10-16 KHOV

10 សាន‌ហេ‌រីប ជា​ស្តេច​អាស‌ស៊ើរ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​ឯង​រាល់​គ្នា​ទុក​ចិត្ត​អាង​ដល់​អ្វី បាន​ជា​ចេះ​តែ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​នេះ ចង់​ឲ្យ​យើង​មក​ឡោម‌ព័ទ្ធ​ឯង​ដូច្នេះ

11 តើ​ហេសេគា​មិន​បញ្ចុះ‌បញ្ចូល​ឯង​រាល់​គ្នា ដើម្បី​តែ​នឹង​ប្រគល់​ឯង​ឲ្យ​ត្រូវ​ស្លាប់ ដោយ​អត់​បាយ អត់​ទឹក​ទេ​ឬ​អី ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ប្រោស​ឲ្យ​យើង​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ

12 តើ​មិន​មែន​ហេសេគា​នេះ​ឯង ដែល​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់ និង​អាស‌នា​របស់​ព្រះ​នោះ​ទេ​ឬ​អី ហើយ​ក៏​បាន​បង្គាប់​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ‌បង្គំ​នៅ​មុខ​អាស‌នា​១​នេះ​តែ​ប៉ុណ្ណោះ ព្រម​ទាំង​ដុត​កំញាន​នៅ​លើ​នោះ​ផង

13 ឯង​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ពី​ការ​ដែល​អញ និង​បិតា​អញ​បាន​ធ្វើ ដល់​អស់​ទាំង​សាសន៍ ដែល​នៅ​ស្រុក​ឯ​ទៀត​ទាំង​ប៉ុន្មាន ឯ​ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​ដទៃ ដែល​នៅ​គ្រប់​ស្រុក​ទាំង​នោះ តើ​អាច​នឹង​ជួយ​ស្រុក​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​អញ​បាន​ឬ​ទេ

14 តើ​មាន​ព្រះ​ណា​មួយ​ក្នុង​ពួក​ព្រះ​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​បិតា​អញ​បាន​បំផ្លាញ​អស់​រលីង​នោះ បាន​អាច​នឹង​ជួយ​សាសន៍​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឬ បាន​ជា​ព្រះ​របស់​ឯង​រាល់​គ្នា​នឹង​ជួយ​ឯង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​ទៅ​បាន

15 ដូច្នេះ កុំ​ឲ្យ​ហេសេគា​ល្បួង​បញ្ឆោត​ឯង​រាល់​គ្នា ឬ​បញ្ចុះ​បញ្ចូល​ឯង​បែប​យ៉ាង​នេះ​ទៀត​ឡើយ កុំ​ឲ្យ​ជឿ​ឲ្យ​សោះ ដ្បិត​គ្មាន​ព្រះ​ណា​មួយ​របស់​សាសន៍ ឬ​នគរ​ឯ​ណា ដែល​បាន​អាច​នឹង​ជួយ​រាស្ត្រ​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ ឬ​ពី​កណ្តាប់​ដៃ​នៃ​បិតា​អញ​បាន​ឡើយ ចំណង់​បើ​ព្រះ​របស់​ឯង​រាល់​គ្នា តើ​នឹង​ជួយ​ឲ្យ​ឯង​រាល់​គ្នា​រួច​ពី​កណ្តាប់​ដៃ​អញ​ឯ​ណា​បាន។

16 ពួក​រាជ‌ទូត​របស់​ស្តេច​នោះ ក៏​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ និង​ហេសេគា ជា​អ្នក​បំរើ​ទ្រង់​ជា​ច្រើន​ត​ទៅ​ទៀត។