២ របាក្សត្រ 32:12-18 KHOV

12 តើ​មិន​មែន​ហេសេគា​នេះ​ឯង ដែល​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់ និង​អាស‌នា​របស់​ព្រះ​នោះ​ទេ​ឬ​អី ហើយ​ក៏​បាន​បង្គាប់​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ‌បង្គំ​នៅ​មុខ​អាស‌នា​១​នេះ​តែ​ប៉ុណ្ណោះ ព្រម​ទាំង​ដុត​កំញាន​នៅ​លើ​នោះ​ផង

13 ឯង​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ពី​ការ​ដែល​អញ និង​បិតា​អញ​បាន​ធ្វើ ដល់​អស់​ទាំង​សាសន៍ ដែល​នៅ​ស្រុក​ឯ​ទៀត​ទាំង​ប៉ុន្មាន ឯ​ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​ដទៃ ដែល​នៅ​គ្រប់​ស្រុក​ទាំង​នោះ តើ​អាច​នឹង​ជួយ​ស្រុក​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​អញ​បាន​ឬ​ទេ

14 តើ​មាន​ព្រះ​ណា​មួយ​ក្នុង​ពួក​ព្រះ​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​បិតា​អញ​បាន​បំផ្លាញ​អស់​រលីង​នោះ បាន​អាច​នឹង​ជួយ​សាសន៍​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឬ បាន​ជា​ព្រះ​របស់​ឯង​រាល់​គ្នា​នឹង​ជួយ​ឯង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​ទៅ​បាន

15 ដូច្នេះ កុំ​ឲ្យ​ហេសេគា​ល្បួង​បញ្ឆោត​ឯង​រាល់​គ្នា ឬ​បញ្ចុះ​បញ្ចូល​ឯង​បែប​យ៉ាង​នេះ​ទៀត​ឡើយ កុំ​ឲ្យ​ជឿ​ឲ្យ​សោះ ដ្បិត​គ្មាន​ព្រះ​ណា​មួយ​របស់​សាសន៍ ឬ​នគរ​ឯ​ណា ដែល​បាន​អាច​នឹង​ជួយ​រាស្ត្រ​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ ឬ​ពី​កណ្តាប់​ដៃ​នៃ​បិតា​អញ​បាន​ឡើយ ចំណង់​បើ​ព្រះ​របស់​ឯង​រាល់​គ្នា តើ​នឹង​ជួយ​ឲ្យ​ឯង​រាល់​គ្នា​រួច​ពី​កណ្តាប់​ដៃ​អញ​ឯ​ណា​បាន។

16 ពួក​រាជ‌ទូត​របស់​ស្តេច​នោះ ក៏​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ និង​ហេសេគា ជា​អ្នក​បំរើ​ទ្រង់​ជា​ច្រើន​ត​ទៅ​ទៀត។

17 ក៏​ធ្វើ​សំបុត្រ​មួល‌បង្កាច់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​ពោល​ទាស់​នឹង​ព្រះ ដោយ​ថា ឯ​ព្រះ​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន នៅ​ស្រុក​ផ្សេងៗ មិន​បាន​ជួយ​រាស្ត្រ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​យ៉ាង​ណា នោះ​ព្រះ​របស់​ហេសេគា ក៏​មិន​អាច​នឹង​ជួយ​រាស្ត្រ​ខ្លួន ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ដូច្នោះ​ដែរ

18 ពួក​ទូត​នោះ​ក៏​ស្រែក​យ៉ាង​ខ្លាំង ជា​ភាសា​របស់​ពួក​យូដា ដល់​ពួក​ក្រុង​យេរូ‌សាឡិម ដែល​នៅ​លើ​កំផែង ដើម្បី​នឹង​គំរាម​បំភ័យ​ឲ្យ​គេ​វល់​គំនិត ប្រយោជន៍​ឲ្យ​អាច​នឹង​យក​ទី​ក្រុង​បាន