13 ឯងរាល់គ្នាមិនដឹងទេឬអី ពីការដែលអញ និងបិតាអញបានធ្វើ ដល់អស់ទាំងសាសន៍ ដែលនៅស្រុកឯទៀតទាំងប៉ុន្មាន ឯព្រះទាំងប៉ុន្មានរបស់សាសន៍ដទៃ ដែលនៅគ្រប់ស្រុកទាំងនោះ តើអាចនឹងជួយស្រុកគេ ឲ្យរួចពីកណ្តាប់ដៃនៃអញបានឬទេ
14 តើមានព្រះណាមួយក្នុងពួកព្រះរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលបិតាអញបានបំផ្លាញអស់រលីងនោះ បានអាចនឹងជួយសាសន៍គេឲ្យរួចពីកណ្តាប់ដៃអញបានឬ បានជាព្រះរបស់ឯងរាល់គ្នានឹងជួយឯងឲ្យរួចពីកណ្តាប់ដៃអញទៅបាន
15 ដូច្នេះ កុំឲ្យហេសេគាល្បួងបញ្ឆោតឯងរាល់គ្នា ឬបញ្ចុះបញ្ចូលឯងបែបយ៉ាងនេះទៀតឡើយ កុំឲ្យជឿឲ្យសោះ ដ្បិតគ្មានព្រះណាមួយរបស់សាសន៍ ឬនគរឯណា ដែលបានអាចនឹងជួយរាស្ត្រគេ ឲ្យរួចពីកណ្តាប់ដៃអញ ឬពីកណ្តាប់ដៃនៃបិតាអញបានឡើយ ចំណង់បើព្រះរបស់ឯងរាល់គ្នា តើនឹងជួយឲ្យឯងរាល់គ្នារួចពីកណ្តាប់ដៃអញឯណាបាន។
16 ពួករាជទូតរបស់ស្តេចនោះ ក៏ប្រមាថមើលងាយដល់ព្រះយេហូវ៉ាដ៏ជាព្រះ និងហេសេគា ជាអ្នកបំរើទ្រង់ជាច្រើនតទៅទៀត។
17 ក៏ធ្វើសំបុត្រមួលបង្កាច់ដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រមទាំងពោលទាស់នឹងព្រះ ដោយថា ឯព្រះរបស់សាសន៍ដទៃទាំងប៉ុន្មាន នៅស្រុកផ្សេងៗ មិនបានជួយរាស្ត្រគេឲ្យរួចពីកណ្តាប់ដៃអញយ៉ាងណា នោះព្រះរបស់ហេសេគា ក៏មិនអាចនឹងជួយរាស្ត្រខ្លួន ឲ្យរួចពីកណ្តាប់ដៃអញបានដូច្នោះដែរ
18 ពួកទូតនោះក៏ស្រែកយ៉ាងខ្លាំង ជាភាសារបស់ពួកយូដា ដល់ពួកក្រុងយេរូសាឡិម ដែលនៅលើកំផែង ដើម្បីនឹងគំរាមបំភ័យឲ្យគេវល់គំនិត ប្រយោជន៍ឲ្យអាចនឹងយកទីក្រុងបាន
19 គេបាននិយាយពីព្រះនៃក្រុងយេរូសាឡិម ទុកដូចជាអស់ទាំងព្រះរបស់សាសន៍ដទៃ ទាំងប៉ុន្មាននៅផែនដី ជាព្រះដែលជាស្នាដៃរបស់មនុស្សលោកទេ។