17 ក៏ធ្វើសំបុត្រមួលបង្កាច់ដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រមទាំងពោលទាស់នឹងព្រះ ដោយថា ឯព្រះរបស់សាសន៍ដទៃទាំងប៉ុន្មាន នៅស្រុកផ្សេងៗ មិនបានជួយរាស្ត្រគេឲ្យរួចពីកណ្តាប់ដៃអញយ៉ាងណា នោះព្រះរបស់ហេសេគា ក៏មិនអាចនឹងជួយរាស្ត្រខ្លួន ឲ្យរួចពីកណ្តាប់ដៃអញបានដូច្នោះដែរ
18 ពួកទូតនោះក៏ស្រែកយ៉ាងខ្លាំង ជាភាសារបស់ពួកយូដា ដល់ពួកក្រុងយេរូសាឡិម ដែលនៅលើកំផែង ដើម្បីនឹងគំរាមបំភ័យឲ្យគេវល់គំនិត ប្រយោជន៍ឲ្យអាចនឹងយកទីក្រុងបាន
19 គេបាននិយាយពីព្រះនៃក្រុងយេរូសាឡិម ទុកដូចជាអស់ទាំងព្រះរបស់សាសន៍ដទៃ ទាំងប៉ុន្មាននៅផែនដី ជាព្រះដែលជាស្នាដៃរបស់មនុស្សលោកទេ។
20 ដូច្នេះ ស្តេចហេសេគា និងហោរាអេសាយ ជាកូនអ័ម៉ូស ក៏អធិស្ឋានពីដំណើរនោះ ហើយអំពាវនាវដល់ស្ថានសួគ៌
21 រួចព្រះយេហូវ៉ាទ្រង់ចាត់ទេវតាឲ្យមកបំផ្លាញមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានក្នុងទីបោះទ័ពរបស់ស្តេចអាសស៊ើរ ព្រមទាំងពួកអ្នកនាំមុខ និងពួកមេទ័ពទាំងអស់ទៅ នោះស្តេចទ្រង់ក៏វិលទៅឯនគររបស់ទ្រង់វិញ ដោយសេចក្ដីអៀនខ្មាស ហើយកាលទ្រង់បានចូលទៅក្នុងវិហារនៃព្រះរបស់ទ្រង់ នោះបុត្របង្កើតរបស់ទ្រង់ក៏ធ្វើគុតទ្រង់ ដោយដាវនៅទីនោះ
22 គឺយ៉ាងនោះដែលព្រះយេហូវ៉ាទ្រង់ជួយសង្គ្រោះហេសេគា និងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យរួចពីកណ្តាប់ដៃនៃសានហេរីប ជាស្តេចស្រុកអាសស៊ើរ ហើយពីកណ្តាប់ដៃនៃសត្រូវឯទៀត ព្រមទាំងការពារគេនៅគ្រប់ទិសផង
23 ក៏មានមនុស្សជាច្រើននាំយកដង្វាយមក ថ្វាយដល់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម និងរបស់មានដំឡៃផ្សេងៗ ថ្វាយដល់ហេសេគាជាស្តេចយូដាដែរ ដល់ម៉្លេះបានជាទ្រង់បានថ្កុំថ្កើងឡើងនៅភ្នែកនៃអស់ទាំងសាសន៍ដទៃតរៀងទៅ។