23 ក៏មានមនុស្សជាច្រើននាំយកដង្វាយមក ថ្វាយដល់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម និងរបស់មានដំឡៃផ្សេងៗ ថ្វាយដល់ហេសេគាជាស្តេចយូដាដែរ ដល់ម៉្លេះបានជាទ្រង់បានថ្កុំថ្កើងឡើងនៅភ្នែកនៃអស់ទាំងសាសន៍ដទៃតរៀងទៅ។
24 នៅគ្រានោះ ហេសេគាទ្រង់ចាប់ប្រឈួនជាធ្ងន់ហៀបនឹងសុគត តែទ្រង់អធិស្ឋានដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមក ព្រមទាំងប្រាប់ទីសំគាល់ដល់ស្តេច
25 ប៉ុន្តែហេសេគាទ្រង់មិនបានសងព្រះគុណតាមដែលព្រះបានប្រោសដល់ទ្រង់នោះទេ ដ្បិតទ្រង់មានព្រះទ័យកំរើកធំឡើង បានជាមានសេចក្ដីក្រោធមកគ្របលើទ្រង់ និងពួកយូដា ហើយពួកក្រុងយេរូសាឡិមវិញ
26 ប៉ុន្តែហេសេគាទ្រង់បានបន្ទាបព្រះទ័យចុះ ពីការដែលមានចិត្តធំនោះទៅ ព្រមទាំងពួកអ្នកនៅក្រុងយេរូសាឡិមផង បានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមិនបានធ្លាក់មកលើគេ នៅក្នុងគ្រាហេសេគាឡើយ។
27 ឯហេសេគា ទ្រង់មានព្រះរាជទ្រព្យ និងកិត្តិនាមយ៉ាងក្រៃលែង ទ្រង់បានធ្វើឃ្លាំងសំរាប់ដាក់ប្រាក់ មាស ត្បូងមានដំឡៃ គ្រឿងក្រអូប និងខែល ហើយនឹងគ្រឿងប្រដាប់ល្អគ្រប់មុខ
28 ក៏ធ្វើឃ្លាំងដាក់ស្រូវ ទឹកទំពាំងបាយជូរ និងប្រេង ព្រមទាំងរោងសំរាប់ដាក់សត្វគ្រប់មុខ និងក្រោលសំរាប់ហ្វូងចៀម
29 ក៏សង់ទីក្រុងផ្សេងៗសំរាប់ទ្រង់ ហើយមានហ្វូងគោ ហ្វូងចៀមជាបរិបូរ ដ្បិតព្រះបានប្រោសប្រទាន ឲ្យទ្រង់មានទ្រព្យសម្បត្តិជាច្រើនណាស់