២ របាក្សត្រ 32:27-33 KHOV

27 ឯ​ហេសេគា ទ្រង់​មាន​ព្រះ‌រាជ‌ទ្រព្យ និង​កិត្តិ‌នាម​យ៉ាង​ក្រៃលែង ទ្រង់​បាន​ធ្វើ​ឃ្លាំង​សំរាប់​ដាក់​ប្រាក់ មាស ត្បូង​មាន​ដំឡៃ គ្រឿង​ក្រអូប និង​ខែល ហើយ​នឹង​គ្រឿង​ប្រដាប់​ល្អ​គ្រប់​មុខ

28 ក៏​ធ្វើ​ឃ្លាំង​ដាក់​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង ព្រម​ទាំង​រោង​សំរាប់​ដាក់​សត្វ​គ្រប់​មុខ និង​ក្រោល​សំរាប់​ហ្វូង​ចៀម

29 ក៏​សង់​ទី​ក្រុង​ផ្សេងៗ​សំរាប់​ទ្រង់ ហើយ​មាន​ហ្វូង​គោ ហ្វូង​ចៀម​ជា​បរិបូរ ដ្បិត​ព្រះ​បាន​ប្រោស​ប្រទាន ឲ្យ​ទ្រង់​មាន​ទ្រព្យ‌សម្បត្តិ​ជា​ច្រើន​ណាស់

30 គឺ​ហេសេគា​នេះ​ឯង ដែល​បាន​ទប់​រន្ធ​ទឹក​ខាង​លើ នៃ​ជ្រោះ​គីហុន បង្ហូរ​ដំរង់​ចុះ​មក ដល់​ខាង​លិច​ទី​ក្រុង​ដាវីឌ ទ្រង់​ចេះ​តែ​បាន​ចំរើន​ឡើង ក្នុង​គ្រប់​ការ​ទាំង​អស់

31 ប៉ុន្តែ​ក្នុង​ការ​ដែល​រាជ‌ទូត​នៃ​ស្តេច​បាប៊ី‌ឡូន បាន​មក​ស៊ើប‌សួរ​ទ្រង់ ពី​ការ​អស្ចារ្យ​ដែល​កើត​ឡើង​ក្នុង​ស្រុក នោះ​ព្រះ​បាន​ទុក​ទ្រង់​ចោល ដើម្បី​នឹង​ល្បង‌ល​ទ្រង់ ឲ្យ​បាន​ជ្រាប​គ្រប់​ទាំង​គំនិត ដែល​មាន​នៅ​ក្នុង​ព្រះ‌ទ័យ​ទ្រង់។

32 រីឯ​ដំណើរ​ឯ​ទៀត​ពី​ហេសេគា និង​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពី​ពួក​ស្តេច​យូដា និង​អ៊ីស្រា‌អែល ជា​មួយ​នឹង​ការ​ជាក់‌ស្តែង​របស់​ហោរា​អេសាយ ជា​កូន​អ័ម៉ូស​ហើយ

33 ហេសេគា​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ទី​ខ្ពស់ តាម​ផ្លូវ​ឡើង​ទៅ​ឯ​ផ្នូរ​របស់​ពួក​វង្ស​នៃ​ដាវីឌ ឯ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា ក៏​ដំកើង​ទ្រង់​ឡើង ក្នុង​ខណៈ​ដែល​សុគត​នោះ រួច​ម៉ាន៉ាសេ ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។