២ របាក្សត្រ 32:5-11 KHOV

5 ទ្រង់​មាន​ព្រះ‌ទ័យ​ក្លា​ឡើង​ក៏​សង់​កំផែង​ដែល​បាក់​បែក​ឡើង​វិញ ហើយ​ឲ្យ​ស្មើ​នឹង​ប៉ម​ទាំង​ប៉ុន្មាន ព្រម​ទាំង​សង់​កំផែង​មួយ​ទៀត នៅ​ខាង​ក្រៅ ហើយ​ធ្វើ​ឲ្យ​ប៉ម​មីឡូរ ដែល​នៅ​ក្នុង​ក្រុង​ដាវីឌ បាន​មាំ‌មួន​ឡើង​ផង ក៏​ធ្វើ​គ្រឿង​សស្ត្រា‌វុធ និង​ខែល​ជា​បរិបូរ

6 ទ្រង់​តាំង​ឲ្យ​មាន​មេ​ក្រសួង​សឹក​ត្រួត​លើ​បណ្តា‌ជន ក៏​ប្រមូល​ជន​ទាំង‌ឡាយ​មក​ឯ​ទ្រង់ នៅ​ទីធ្លា​ត្រង់​មាត់​ទ្វារ​ទី​ក្រុង មាន​ព្រះ‌បន្ទូល​កំសាន្ត​ចិត្ត​គេ​ថា

7 ចូរ​មាន​កំឡាំង​ឡើង ហើយ​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ភ័យ​ខ្លាច ឬ​ស្រយុត​ចិត្ត ដោយ​ព្រោះ​ស្តេច​អាស‌ស៊ើរ និង​ពួក​ពល​ទាំង​ហ្វូង ដែល​មក​ជា​មួយ​នោះ​ឡើយ ដ្បិត​នៅ​ខាង​យើង មាន​១​អង្គ​ដែល​ពូកែ​ជាង​ពួក​គេ​ទៅ​ទៀត

8 ចំណែក​គេ មាន​តែ​ដៃ​ខាង​សាច់​ឈាម​ប៉ុណ្ណោះ តែ​ខាង​យើង​វិញ មាន​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា សំរាប់​នឹង​ជួយ ហើយ​ធ្វើ​ចំបាំង​ជំនួស​យើង ពួក​បណ្តា‌ជន​ក៏​ផ្អែក​ចិត្ត​ទៅ​លើ​ព្រះ‌បន្ទូល​នៃ​ហេសេគា ជា​ស្តេច​យូដា។

9 ក្រោយ​នោះ​មក​សាន‌ហេ‌រីប ជា​ស្តេច​អាស‌ស៊ើរ​ទ្រង់​ចាត់​រាជ‌ទូត ទៅ​ឯ​ក្រុង​យេរូ‌សាឡិម (ចំណែក​ឯ​ទ្រង់ និង​ពល‌ទ័ព​ទាំង​អស់​របស់​ទ្រង់ ក៏​នៅ​មុខ​ក្រុង​ឡាគីស) រាជ‌ទូត​នោះ​ក៏​មក​ឯ​ហេសេគា ជា​ស្តេច​យូដា និង​ពួក​យូដា​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និយាយ​ថា

10 សាន‌ហេ‌រីប ជា​ស្តេច​អាស‌ស៊ើរ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​ឯង​រាល់​គ្នា​ទុក​ចិត្ត​អាង​ដល់​អ្វី បាន​ជា​ចេះ​តែ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​នេះ ចង់​ឲ្យ​យើង​មក​ឡោម‌ព័ទ្ធ​ឯង​ដូច្នេះ

11 តើ​ហេសេគា​មិន​បញ្ចុះ‌បញ្ចូល​ឯង​រាល់​គ្នា ដើម្បី​តែ​នឹង​ប្រគល់​ឯង​ឲ្យ​ត្រូវ​ស្លាប់ ដោយ​អត់​បាយ អត់​ទឹក​ទេ​ឬ​អី ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ប្រោស​ឲ្យ​យើង​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ