6 ទ្រង់តាំងឲ្យមានមេក្រសួងសឹកត្រួតលើបណ្តាជន ក៏ប្រមូលជនទាំងឡាយមកឯទ្រង់ នៅទីធ្លាត្រង់មាត់ទ្វារទីក្រុង មានព្រះបន្ទូលកំសាន្តចិត្តគេថា
7 ចូរមានកំឡាំងឡើង ហើយចិត្តក្លាហានចុះ កុំឲ្យភ័យខ្លាច ឬស្រយុតចិត្ត ដោយព្រោះស្តេចអាសស៊ើរ និងពួកពលទាំងហ្វូង ដែលមកជាមួយនោះឡើយ ដ្បិតនៅខាងយើង មាន១អង្គដែលពូកែជាងពួកគេទៅទៀត
8 ចំណែកគេ មានតែដៃខាងសាច់ឈាមប៉ុណ្ណោះ តែខាងយើងវិញ មានព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា សំរាប់នឹងជួយ ហើយធ្វើចំបាំងជំនួសយើង ពួកបណ្តាជនក៏ផ្អែកចិត្តទៅលើព្រះបន្ទូលនៃហេសេគា ជាស្តេចយូដា។
9 ក្រោយនោះមកសានហេរីប ជាស្តេចអាសស៊ើរទ្រង់ចាត់រាជទូត ទៅឯក្រុងយេរូសាឡិម (ចំណែកឯទ្រង់ និងពលទ័ពទាំងអស់របស់ទ្រង់ ក៏នៅមុខក្រុងឡាគីស) រាជទូតនោះក៏មកឯហេសេគា ជាស្តេចយូដា និងពួកយូដាទាំងប៉ុន្មាន ជាពួកអ្នកនៅក្រុងយេរូសាឡិម និយាយថា
10 សានហេរីប ជាស្តេចអាសស៊ើរ ទ្រង់មានព្រះបន្ទូលដូច្នេះថា តើឯងរាល់គ្នាទុកចិត្តអាងដល់អ្វី បានជាចេះតែនៅក្នុងក្រុងយេរូសាឡិមនេះ ចង់ឲ្យយើងមកឡោមព័ទ្ធឯងដូច្នេះ
11 តើហេសេគាមិនបញ្ចុះបញ្ចូលឯងរាល់គ្នា ដើម្បីតែនឹងប្រគល់ឯងឲ្យត្រូវស្លាប់ ដោយអត់បាយ អត់ទឹកទេឬអី ដោយពាក្យថា ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទ្រង់នឹងប្រោសឲ្យយើងរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរ
12 តើមិនមែនហេសេគានេះឯង ដែលបានបំបាត់អស់ទាំងទីខ្ពស់ និងអាសនារបស់ព្រះនោះទេឬអី ហើយក៏បានបង្គាប់ពួកយូដា និងពួកក្រុងយេរូសាឡិមថា ត្រូវឲ្យឯងរាល់គ្នាថ្វាយបង្គំនៅមុខអាសនា១នេះតែប៉ុណ្ណោះ ព្រមទាំងដុតកំញាននៅលើនោះផង