12 តែកាលទ្រង់មានសេចក្ដីវេទនា នោះក៏ទូលអង្វរដល់ព្រះយេហូវ៉ានៃទ្រង់ ព្រមទាំងបន្ទាបព្រះទ័យចុះជាខ្លាំង នៅចំពោះព្រះនៃពួកអយ្យកោទ្រង់វិញ
13 ក៏អធិស្ឋាន ហើយព្រះក៏ទន់ព្រះហឫទ័យ ស្តាប់តាមសេចក្ដីដែលទ្រង់ទូលអង្វរ ប្រោសនាំទ្រង់មកឯរាជ្យក្នុងក្រុងយេរូសាឡិមវិញ ដូច្នេះ ទើបម៉ាន៉ាសេបានជ្រាបថា ព្រះយេហូវ៉ាទ្រង់ជាព្រះពិត។
14 ក្រោយនោះ ទ្រង់សង់កំផែង នៅខាងក្រៅកំផែងក្រុងដាវីឌទៀត គឺត្រង់ច្រកភ្នំខាងលិចជ្រោះគីហុន រហូតដល់មាត់ទ្វារផ្សារត្រី ក៏ធ្វើព័ទ្ធជុំវិញប៉មអូផែលដែរ ហើយបានធ្វើឲ្យមានកំពស់ឡើងជាច្រើន រួចទ្រង់ដំរូវឲ្យមានមេទ័ពនៅអស់ទាំងទីក្រុងមានបន្ទាយនៅស្រុកយូដា
15 ទ្រង់យកអស់ទាំងព្រះនៃសាសន៍ដទៃ និងរូបព្រះនោះចេញពីព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងអាសនាទាំងប៉ុន្មានដែលទ្រង់បានស្អាង នៅលើភ្នំនៃព្រះវិហារព្រះយេហូវ៉ា និងនៅក្រុងយេរូសាឡិមទៅបោះចោលនៅខាងក្រៅទីក្រុង
16 រួចទ្រង់ស្អាងអាសនាព្រះយេហូវ៉ាឡើងវិញ ហើយថ្វាយយញ្ញបូជា ជាដង្វាយមេត្រី និងដង្វាយអរព្រះគុណ នៅលើអាសនានោះ ក៏បង្គាប់ឲ្យពួកយូដាគោរពប្រតិបត្តិតាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
17 ប៉ុន្តែពួកបណ្តាជននៅតែថ្វាយយញ្ញបូជានៅលើអស់ទាំងទីខ្ពស់នៅឡើយតែគេថ្វាយដល់ព្រះយេហូវ៉ា ជាព្រះនៃគេវិញ។
18 រីឯដំណើរឯទៀតពីម៉ាន៉ាសេ និងសេចក្ដីដែលទ្រង់អធិស្ឋានដល់ព្រះនៃទ្រង់ ព្រមទាំងពាក្យទាំងប៉ុន្មានដែលពួកអ្នកមើលឆុតបានទូលទ្រង់ ដោយនូវព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីកិច្ចការរបស់ពួកស្តេចអ៊ីស្រាអែលហើយ