14 ក្រោយនោះ ទ្រង់សង់កំផែង នៅខាងក្រៅកំផែងក្រុងដាវីឌទៀត គឺត្រង់ច្រកភ្នំខាងលិចជ្រោះគីហុន រហូតដល់មាត់ទ្វារផ្សារត្រី ក៏ធ្វើព័ទ្ធជុំវិញប៉មអូផែលដែរ ហើយបានធ្វើឲ្យមានកំពស់ឡើងជាច្រើន រួចទ្រង់ដំរូវឲ្យមានមេទ័ពនៅអស់ទាំងទីក្រុងមានបន្ទាយនៅស្រុកយូដា
15 ទ្រង់យកអស់ទាំងព្រះនៃសាសន៍ដទៃ និងរូបព្រះនោះចេញពីព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងអាសនាទាំងប៉ុន្មានដែលទ្រង់បានស្អាង នៅលើភ្នំនៃព្រះវិហារព្រះយេហូវ៉ា និងនៅក្រុងយេរូសាឡិមទៅបោះចោលនៅខាងក្រៅទីក្រុង
16 រួចទ្រង់ស្អាងអាសនាព្រះយេហូវ៉ាឡើងវិញ ហើយថ្វាយយញ្ញបូជា ជាដង្វាយមេត្រី និងដង្វាយអរព្រះគុណ នៅលើអាសនានោះ ក៏បង្គាប់ឲ្យពួកយូដាគោរពប្រតិបត្តិតាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
17 ប៉ុន្តែពួកបណ្តាជននៅតែថ្វាយយញ្ញបូជានៅលើអស់ទាំងទីខ្ពស់នៅឡើយតែគេថ្វាយដល់ព្រះយេហូវ៉ា ជាព្រះនៃគេវិញ។
18 រីឯដំណើរឯទៀតពីម៉ាន៉ាសេ និងសេចក្ដីដែលទ្រង់អធិស្ឋានដល់ព្រះនៃទ្រង់ ព្រមទាំងពាក្យទាំងប៉ុន្មានដែលពួកអ្នកមើលឆុតបានទូលទ្រង់ ដោយនូវព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីកិច្ចការរបស់ពួកស្តេចអ៊ីស្រាអែលហើយ
19 ឯសេចក្ដីអធិស្ឋានរបស់ទ្រង់ និងការដែលព្រះបានទន់ព្រះហឫទ័យទទួលតាមទ្រង់ ព្រមទាំងអំពើបាប និងការរំលងរបស់ទ្រង់ទាំងប៉ុន្មាន អស់ទាំងកន្លែងដែលទ្រង់បានធ្វើទីខ្ពស់ ហើយតម្កល់រូបព្រះ និងរូបឆ្លាក់ មុនដែលទ្រង់បានបន្ទាបព្រះទ័យចុះ នោះសុទ្ធតែបានកត់ទុកក្នុងពង្សាវតារ ដែលពួកអ្នកមើលឆុតបានចារឹកទុកហើយ
20 ម៉ាន៉ាសេក៏ផ្ទំលក់ទៅ ជាមួយនឹងពួកអយ្យកោរបស់ទ្រង់ហើយគេបញ្ចុះសពទ្រង់ នៅក្នុងដំណាក់ទ្រង់ រួចអាំម៉ូនជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។