២ របាក្សត្រ 33:19-25 KHOV

19 ឯ​សេចក្ដី​អធិ‌ស្ឋាន​របស់​ទ្រង់ និង​ការ​ដែល​ព្រះ​បាន​ទន់​ព្រះ‌ហឫ‌ទ័យ​ទទួល​តាម​ទ្រង់ ព្រម​ទាំង​អំពើ​បាប និង​ការ​រំលង​របស់​ទ្រង់​ទាំង​ប៉ុន្មាន អស់​ទាំង​កន្លែង​ដែល​ទ្រង់​បាន​ធ្វើ​ទី​ខ្ពស់ ហើយ​តម្កល់​រូប​ព្រះ និង​រូប​ឆ្លាក់ មុន​ដែល​ទ្រង់​បាន​បន្ទាប​ព្រះ‌ទ័យ​ចុះ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​ពង្សាវតារ ដែល​ពួក​អ្នក​មើល‌ឆុត​បាន​ចារឹក​ទុក​ហើយ

20 ម៉ាន៉ាសេ​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​អយ្យកោ​របស់​ទ្រង់​ហើយ​គេ​បញ្ចុះ​សព​ទ្រង់ នៅ​ក្នុង​ដំណាក់​ទ្រង់ រួច​អាំម៉ូន​ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

21 កាល​អាំម៉ូន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២២​ឆ្នាំ​ហើយ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​២​ឆ្នាំ

22 ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​ម៉ាន៉ាសេ ជា​ព្រះ‌បិតា​បាន​ប្រព្រឹត្ត​ដែរ អាំម៉ូន​ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា ហើយ​គោរព​ដល់​អស់​ទាំង​រូប​ឆ្លាក់ ដែល​ម៉ាន៉ាសេ ជា​ព្រះ‌បិតា បាន​ធ្វើ

23 ឥត​បន្ទាប​ព្រះ‌ទ័យ​ចុះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ម៉ាន៉ាសេ ជា​ព្រះ‌បិតា​ទ្រង់​បាន​បន្ទាប​នោះ​ឡើយ គឺ​អាំម៉ូន​នេះ​ទ្រង់​បាន​ប្រព្រឹត្ត​រំលង​កាន់​តែ​ច្រើន​ឡើង

24 ឯ​ពួក​អ្នក​បំរើ​ទ្រង់ គេ​លើក​គ្នា​ធ្វើ​គុត​ទ្រង់ នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​ទៅ

25 តែ​ពួក​អ្នក​ស្រុក​គេ​សំឡាប់​អស់​អ្នក ដែល​បាន​លើក​គ្នា​ក្បត់​នឹង​ស្តេច​អាំម៉ូន​នោះ​វិញ គេ​លើក​យ៉ូសៀស​ជា​ព្រះ‌រាជ‌បុត្រា តាំង​ឡើង​ជា​ស្តេច​ជំនួស​ព្រះ‌បិតា។