2 ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមអស់ទាំងការគួរស្អប់ខ្ពើមរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបណ្តេញចេញ ពីមុខពួកកូនចៅអ៊ីស្រាអែល
3 ដ្បិតទ្រង់បានធ្វើអស់ទាំងទីខ្ពស់ឡើងវិញ ដែលហេសេគា ជាព្រះបិតាទ្រង់បានរំលងទៅនោះ ហើយក៏ស្អាងអាសនាថ្វាយព្រះបាល ព្រមទាំងធ្វើរូបព្រះ ហើយថ្វាយបង្គំគោរពដល់អស់ទាំងពួកពលបរិវារនៅលើមេឃផង
4 ទ្រង់ក៏ស្អាងអាសនា នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលពីទីនោះថា ឈ្មោះអញនឹងនៅក្រុងយេរូសាឡិមជាដរាបតទៅ
5 ទ្រង់ធ្វើអាសនាសំរាប់គោរពដល់អស់ទាំងពួកពលបរិវារនៅលើមេឃ ត្រង់ទីលានទាំង២នៃព្រះវិហារព្រះយេហូវ៉ា
6 ក៏ធ្វើឲ្យបុត្រទ្រង់ឆ្លងកាត់ភ្លើង នៅក្នុងច្រកភ្នំរបស់កូនហ៊ីនណំម ក៏ប្រព្រឹត្តនក្ខត្តឫក្ស អង្គុយធម៌ អាបធ្មប់ ហើយរកគ្រូខាប និងគ្រូគាថា ទ្រង់ប្រព្រឹត្តអំពើដ៏អាក្រក់ជាច្រើន នៅព្រះនេត្រព្រះយេហូវ៉ា ជាហេតុដែលបណ្តាលឲ្យព្រះមានសេចក្ដីក្រោធ
7 ទ្រង់យករូបឆ្លាក់ជារូបដែលព្រះទ្រង់បានធ្វើ ទៅតម្កល់ក្នុងព្រះវិហារនៃព្រះជាទីដែលព្រះបានមានព្រះបន្ទូលនឹងដាវីឌ ហើយនឹងសាឡូម៉ូនជាព្រះរាជបុត្រាទ្រង់ថា អញនឹងតាំងឈ្មោះអញ នៅក្នុងព្រះវិហារនេះនៅក្រុងយេរូសាឡិម ជាទីដែលអញបានរើសក្នុងគ្រប់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែល ឲ្យនៅជាដរាបតទៅ
8 ហើយអញក៏មិនដែលដកជើងនៃពួកអ៊ីស្រាអែលចេញពីស្រុក ដែលអញបានឲ្យដល់ពួកអយ្យកោឯងរាល់គ្នាទៀតឡើយ ឲ្យតែគេរក្សា ហើយធ្វើតាមគ្រប់ទាំងសេចក្ដីដែលអញបានបង្គាប់ដល់គេ គឺជាក្រឹត្យវិន័យទាំងមូល និងបញ្ញត្ត ហើយច្បាប់ទាំងប៉ុន្មាន ដែលអញបានឲ្យដោយសារម៉ូសេប៉ុណ្ណោះចុះ