២ របាក្សត្រ 33:5-11 KHOV

5 ទ្រង់​ធ្វើ​អាស‌នា​សំរាប់​គោរព​ដល់​អស់​ទាំង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ ត្រង់​ទីលាន​ទាំង​២​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា

6 ក៏​ធ្វើ​ឲ្យ​បុត្រ​ទ្រង់​ឆ្លង​កាត់​ភ្លើង នៅ​ក្នុង​ច្រក​ភ្នំ​របស់​កូន​ហ៊ីនណំម ក៏​ប្រព្រឹត្ត​នក្ខត្ត‌ឫក្ស អង្គុយ​ធម៌ អាប‌ធ្មប់ ហើយ​រក​គ្រូ​ខាប និង​គ្រូ​គាថា ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ជា​ច្រើន នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ហេតុ​ដែល​បណ្តាល​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ

7 ទ្រង់​យក​រូប​ឆ្លាក់​ជា​រូប​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ ទៅ​តម្កល់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​ជា​ទី​ដែល​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ហើយ​នឹង​សាឡូ‌ម៉ូន​ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់​ថា អញ​នឹង​តាំង​ឈ្មោះ​អញ នៅ​ក្នុង​ព្រះ‌វិហារ​នេះ​នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ដែល​អញ​បាន​រើស​ក្នុង​គ្រប់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​នៅ​ជា​ដរាប​ត​ទៅ

8 ហើយ​អញ​ក៏​មិន​ដែល​ដក​ជើង​នៃ​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង​រាល់​គ្នា​ទៀត​ឡើយ ឲ្យ​តែ​គេ​រក្សា ហើយ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់​ដល់​គេ គឺ​ជា​ក្រឹត្យ‌វិន័យ​ទាំង​មូល និង​បញ្ញត្ត ហើយ​ច្បាប់​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ឲ្យ​ដោយ‌សារ​ម៉ូសេ​ប៉ុណ្ណោះ​ចុះ

9 តែ​ម៉ាន៉ាសេ​ទ្រង់​ព្រលួង​ពួក​យូដា និង​ពួក​អ្នក​ក្រុង​យេរូ‌សាឡិម ឲ្យ​បាន​ធ្វើ​ការ​អាក្រក់ លើស​ជាង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៅ​ទៀត ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ។

10 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ម៉ាន៉ាសេ ហើយ​នឹង​រាស្ត្រ​ទ្រង់​ដែរ តែ​គេ​មិន​ព្រម​ទទួល​ស្តាប់​តាម​ឡើយ

11 ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ពួក​មេ‌ទ័ព​របស់​ស្តេច​អាស‌ស៊ើរ លើក​គ្នា​មក​ច្បាំង​នឹង​គេ ពួក​នោះ​ចាប់​ម៉ាន៉ាសេ ដាក់​ខ្នោះ​ដាក់​ច្រវាក់ នាំ​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន