២ របាក្សត្រ 34:12-18 KHOV

12 ពួក​ជាង​ទាំង​នោះ​គេ​ធ្វើ​ការ​ដោយ​ស្មោះ‌ត្រង់ ឯ​អ្នក​ដែល​ត្រួត​លើ​គេ គឺ​យ៉ាហាត និង​អូបាឌា ជា​ពួក​លេវី​ខាង​ពួក​កូន​ចៅ​ម្រ៉ារី ហើយ​សាការី និង​មស៊ូឡាម​ខាង​ពួក​កូន​ចៅ​កេហាត់ ដើម្បី​នឹង​បញ្ជឿន​ការ​នោះ ហើយ​មាន​ពួក​លេវី ដែល​ប៉ិន‌ប្រសប់​នឹង​លេង​ភ្លេង​ដែរ

13 គេ​ក៏​ត្រួត​លើ​ពួក​អ្នក​ដែល​លី‌សែង ហើយ​លើ​អស់​អ្នក​ដែល​ធ្វើ​ការ​គ្រប់​មុខ​ផង ឯ​ក្នុង​ពួក​លេវី​ទាំង​នោះ​មាន​ស្មៀន និង​នាយ ហើយ​នឹង​អ្នក​ឆ្មាំ​ទ្វារ​ដែរ។

14 កាល​កំពុង​តែ​យក​ប្រាក់ ដែល​គេ​បាន​យក​មក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចេញ​ទៅ នោះ​ហ៊ីល‌គីយ៉ា​ដ៏​ជា​សង្ឃ លោក​ប្រទះ​ឃើញ​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ដែល​បាន​ប្រទាន​មក​ដោយ‌សារ​លោក​ម៉ូសេ

15 លោក​ក៏​ប្រាប់​ដល់​ស្មៀន​សាផាន​ថា ខ្ញុំ​បាន​ប្រទះ​ឃើញ​គម្ពីរ​ក្រឹត្យ‌វិន័យ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា រួច​លោក​ប្រគល់​គម្ពីរ​នោះ​ទៅ​សាផាន

16 ហើយ​សាផាន​នាំ​យក​ទៅ​ថ្វាយ​ដល់​ស្តេច ទូល​ថា ឯ​ការ​ទាំង​អស់​ដែល​ទ្រង់​បាន​ប្រគល់​ដល់​ពួក​អ្នក​បំរើ​ទ្រង់ នោះ​គេ​កំពុង​តែ​ធ្វើ​ហើយ

17 គេ​បាន​ចាក់​ប្រាក់ ដែល​ឃើញ​មាន​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចេញ ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​ពួក​មេ​ជាង និង​ពួក​ជាង​ធ្វើ​ការ

18 រួច​ស្មៀន​សាផាន​ទូល​ទៀត​ថា ហ៊ីល‌គីយ៉ា​ដ៏​ជា​សង្ឃ​បាន​ប្រគល់​គម្ពីរ​នេះ​មក​ទូល‌បង្គំ ហើយ​សាផាន​ក៏​អាន​មើល​ក្នុង​គម្ពីរ​នោះ​ថ្វាយ​ស្តេច។