22 ដូច្នេះ ហ៊ីលគីយ៉ា និងពួកអ្នកដែលស្តេចបានចាត់ប្រើនោះ ក៏ទៅឯនាងហ៊ុលដា ជាហោរា ប្រពន្ធសាលូម កូនធីកវ៉ា ដែលជាកូនហារហាស អ្នករក្សាព្រះពស្ត្ររាជ្យ (នាងនោះអាស្រ័យនៅឃុំលេខ២ ក្នុងក្រុងយេរូសាឡិម) និយាយនឹងនាងតាមដំណើររឿងនោះ
23 រួចនាងតបដល់គេថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរទៅប្រាប់ដល់អ្នក ដែលចាត់ឯងរាល់គ្នាឲ្យមកឯអញថា
24 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងធ្វើឲ្យមានសេចក្ដីអាក្រក់មកលើទីនេះ ហើយលើពួកអ្នកដែលនៅទីនេះផង គឺគ្រប់ទាំងសេចក្ដីបណ្តាសាកត់ទុកក្នុងគម្ពីរ ដែលគេបានអានមើលថ្វាយស្តេចពួកយូដា
25 ដោយព្រោះគេបានបោះបង់ចោលអញ ហើយបានដុតកំញានថ្វាយព្រះដទៃ ដើម្បីនឹងបណ្តាលឲ្យអញខឹង ដោយអស់ទាំងការដែលដៃគេធ្វើទាំងប៉ុន្មាន ហេតុនោះបានជាសេចក្ដីកំហឹងរបស់អញបានចាក់មកលើទីនេះ ហើយនឹងពន្លត់មិនបានផង
26 តែឯស្តេចយូដាដែលចាត់ឲ្យឯងរាល់គ្នាមកសួរដល់ព្រះយេហូវ៉ា នោះត្រូវទូលទ្រង់ថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលពីដំណើរពាក្យដែលទ្រង់បានឮនោះថា
27 ដោយព្រោះឯងមានចិត្តទន់ ហើយបានបន្ទាបខ្លួននៅចំពោះព្រះ ដោយឮព្រះបន្ទូលដែលទ្រង់មានព្រះបន្ទូលទាស់នឹងទីនេះ ហើយនឹងពួកអ្នកនៅទីនេះផង ព្រមទាំងបន្ទ្រោមខ្លួនចុះនៅមុខអញក៏ហែកអាវ ហើយយំនៅមុខអញដូច្នេះ នោះអញបានទទួលស្តាប់តាមឯងហើយ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា
28 មើល អញនឹងប្រមូលឯងទៅជាមួយនឹងពួកអយ្យកោឯង ឯងនឹងទៅមូលគ្នា នៅក្នុងផ្នូរដោយសុខសាន្ត ភ្នែកឯងនឹងមិនឃើញអស់ទាំងសេចក្ដីអាក្រក់ដែលអញនឹងនាំមកលើទីនេះ និងលើពួកអ្នកនៅទីនេះឡើយ ដូច្នេះ គេក៏នាំយកពាក្យនោះទៅទូលដល់ស្តេចវិញ។