5 ទ្រង់យកឆ្អឹងពួកសង្ឃទាំងនោះ ទៅដុតលើអាសនារបស់គេ ដូច្នេះទ្រង់បានជំរះសំអាតស្រុកយូដា និងក្រុងយេរូសាឡិមរួចហើយ
6 ទ្រង់ក៏ធ្វើយ៉ាងនោះនៅអស់ទាំងទីក្រុងរបស់ពួកម៉ាន៉ាសេ ពួកអេប្រាអិម និងពួកស៊ីម្មាន រហូតដល់ស្រុករបស់ពួកណែបថាលី និងកន្លែងបាក់បែកនៅជុំវិញទាំងប៉ុន្មានដែរ
7 ក៏រំលំអាសនា បំបាក់បំបែករូបព្រះ និងរូបឆ្លាក់ឲ្យទៅជាផង់ធូលី កាប់រំលំអស់ទាំងរូបព្រះអាទិត្យនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែលចេញ រួចទ្រង់វិលត្រឡប់មកឯក្រុងយេរូសាឡិមវិញ។
8 លុះដល់ឆ្នាំទី១៨ ក្នុងរាជ្យទ្រង់ កាលគេបានជំរះសំអាតស្រុក និងព្រះវិហាររួចជាស្រេចហើយ នោះទ្រង់ចាត់សាផាន ជាកូនអ័សាលា ម្អាសេយ៉ា ជាចៅហ្វាយទីក្រុង និងយ៉ូអា កូនយ៉ូអាហាស ជាអ្នកតែងពង្សាវតារ ឲ្យទៅជួសជុលព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃទ្រង់
9 គេក៏ទៅឯហ៊ីលគីយ៉ា ជាសំដេចសង្ឃ ប្រគល់ប្រាក់ដែលគេបាននាំយកមកក្នុងព្រះវិហារនៃព្រះ ជាប្រាក់ដែលពួកលេវីជាអ្នកឆ្មាំទ្វារ បានប្រមូលពីពួកម៉ាន៉ាសេ ពួកអេប្រាអិម និងសំណល់ពួកអ៊ីស្រាអែលទាំងប៉ុន្មាន ហើយពីពួកយូដា ពួកបេនយ៉ាមីន និងពួកអ្នកនៅក្នុងក្រុងយេរូសាឡិមផង
10 គេប្រគល់ប្រាក់នោះ ទៅក្នុងអំណាចនៃពួកមេជាង ជាអ្នកដែលត្រួតលើការក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយពួកអ្នកទាំងនោះក៏ប្រគល់ដល់ពួកជាងដែលធ្វើការ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា សំរាប់នឹងជួសជុល ហើយរៀបចំព្រះវិហារជាថ្មីឡើងវិញ
11 គឺប្រគល់ដល់ពួកជាងឈើ និងពួកជាងរៀបថ្ម ឲ្យគេទិញថ្មដាប់ស្រាប់ និងឈើសំរាប់ជាធ្នឹម និងផ្លាន ធ្វើមន្ទីរទាំងប៉ុន្មាន ដែលពួកស្តេចយូដាបានបំផ្លាញទៅ