២ របាក្សត្រ 34:7-13 KHOV

7 ក៏​រំលំ​អាស‌នា បំបាក់​បំបែក​រូប​ព្រះ និង​រូប​ឆ្លាក់​ឲ្យ​ទៅ​ជា​ផង់​ធូលី កាប់​រំលំ​អស់​ទាំង​រូប​ព្រះ‌អាទិត្យ​នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ចេញ រួច​ទ្រង់​វិល​ត្រឡប់​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។

8 លុះ​ដល់​ឆ្នាំ​ទី​១៨ ក្នុង​រាជ្យ​ទ្រង់ កាល​គេ​បាន​ជំរះ​សំអាត​ស្រុក និង​ព្រះ‌វិហារ​រួច​ជា​ស្រេច​ហើយ នោះ​ទ្រង់​ចាត់​សាផាន ជា​កូន​អ័សា‌លា ម្អាសេយ៉ា ជា​ចៅ‌ហ្វាយ​ទី​ក្រុង និង​យ៉ូអា កូន​យ៉ូអា‌ហាស ជា​អ្នក​តែង​ពង្សាវតារ ឲ្យ​ទៅ​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់

9 គេ​ក៏​ទៅ​ឯ​ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ ប្រគល់​ប្រាក់​ដែល​គេ​បាន​នាំ​យក​មក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ជា​ប្រាក់​ដែល​ពួក​លេវី​ជា​អ្នក​ឆ្មាំ​ទ្វារ បាន​ប្រមូល​ពី​ពួក​ម៉ាន៉ាសេ ពួក​អេប្រា‌អិម និង​សំណល់​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ហើយ​ពី​ពួក​យូដា ពួក​បេន‌យ៉ា‌មីន និង​ពួក​អ្នក​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ផង

10 គេ​ប្រគល់​ប្រាក់​នោះ ទៅ​ក្នុង​អំណាច​នៃ​ពួក​មេ​ជាង ជា​អ្នក​ដែល​ត្រួត​លើ​ការ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពួក​អ្នក​ទាំង​នោះ​ក៏​ប្រគល់​ដល់​ពួក​ជាង​ដែល​ធ្វើ​ការ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា សំរាប់​នឹង​ជួស‌ជុល ហើយ​រៀប‌ចំ​ព្រះ‌វិហារ​ជា​ថ្មី​ឡើង​វិញ

11 គឺ​ប្រគល់​ដល់​ពួក​ជាង​ឈើ និង​ពួក​ជាង​រៀប​ថ្ម ឲ្យ​គេ​ទិញ​ថ្ម​ដាប់​ស្រាប់ និង​ឈើ​សំរាប់​ជា​ធ្នឹម និង​ផ្លាន ធ្វើ​មន្ទីរ​ទាំង​ប៉ុន្មាន ដែល​ពួក​ស្តេច​យូដា​បាន​បំផ្លាញ​ទៅ

12 ពួក​ជាង​ទាំង​នោះ​គេ​ធ្វើ​ការ​ដោយ​ស្មោះ‌ត្រង់ ឯ​អ្នក​ដែល​ត្រួត​លើ​គេ គឺ​យ៉ាហាត និង​អូបាឌា ជា​ពួក​លេវី​ខាង​ពួក​កូន​ចៅ​ម្រ៉ារី ហើយ​សាការី និង​មស៊ូឡាម​ខាង​ពួក​កូន​ចៅ​កេហាត់ ដើម្បី​នឹង​បញ្ជឿន​ការ​នោះ ហើយ​មាន​ពួក​លេវី ដែល​ប៉ិន‌ប្រសប់​នឹង​លេង​ភ្លេង​ដែរ

13 គេ​ក៏​ត្រួត​លើ​ពួក​អ្នក​ដែល​លី‌សែង ហើយ​លើ​អស់​អ្នក​ដែល​ធ្វើ​ការ​គ្រប់​មុខ​ផង ឯ​ក្នុង​ពួក​លេវី​ទាំង​នោះ​មាន​ស្មៀន និង​នាយ ហើយ​នឹង​អ្នក​ឆ្មាំ​ទ្វារ​ដែរ។