២ របាក្សត្រ 35:10-16 KHOV

10 យ៉ាង​នោះ ការ‌ងារ​ទាំង​អស់​បាន​រៀប‌ចំ​ជា​ស្រេច​ពួក​សង្ឃ​គេ​ឈរ​នៅ​កន្លែង​គេ ហើយ​ពួក​លេវី​តាម​វេន​គេ​ដែរ តាម​បង្គាប់​ស្តេច

11 ពួក​លេវី​បាន​សំឡាប់​ចៀម​បុណ្យ​រំលង ហើយ​ពួក​សង្ឃ​ក៏​យក​ឈាម​ពី​ដៃ​គេ​ទៅ​ប្រោះ ពួក​លេវី​ក៏​ពន្លាត់​ស្បែក

12 រួច​គេ​រើ​យក​ដង្វាយ​ទាំង​នោះ ទៅ​ដំរៀប​ដាក់​តាម​ផ្នែក​ពួក​វង្ស​របស់​ឪពុក នៃ​អស់​អ្នក​ក្នុង​បណ្តា‌ជន ដើម្បី​នឹង​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា តាម​សេចក្ដី​ដែល​ចែង​ទុក​មក​ក្នុង​គម្ពីរ​លោក​ម៉ូសេ គេ​ក៏​ធ្វើ​ដូច្នោះ​នឹង​គោ​ទាំង​នោះ​ដែរ

13 គេ​អាំង​ដង្វាយ​បុណ្យ​រំលង​តាម​របៀប ហើយ​ស្ងោរ​ដង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន​ក្នុង​ឆ្នាំង ថ្លាង និង​ខ្ទះ រួច​យក​ទៅ​ចែក​ឲ្យ​ដល់​ពួក​អស់​អ្នក ក្នុង​បណ្តា‌ជន​ជា​ប្រញាប់

14 ទើប​រៀប‌ចំ​សំរាប់​ខ្លួន​គេ និង​ពួក​សង្ឃ​ជា​ខាង​ក្រោយ ដ្បិត​ពួក​សង្ឃ ជា​កូន​ចៅ​អើរ៉ុន គេ​នៅ​ជាប់​ការ​ថ្វាយ​ដង្វាយ​ដុត និង​ខ្លាញ់​ទាំង​ប៉ុន្មាន ដរាប​ដល់​យប់ បាន​ជា​ពួក​លេវី​រៀប‌ចំ​សំរាប់​ខ្លួន​គេ និង​ពួក​សង្ឃ ជា​កូន​ចៅ​អើរ៉ុន​ដែរ

15 ឯ​ពួក​កូន​ចៅ​អេសាភ ជា​ពួក​អ្នក​ចំរៀង គេ​ក៏​ឈរ​នៅ​កន្លែង​គេ​តាម​បង្គាប់​ដាវីឌ អេសាភ ហេម៉ាន និង​យេឌូថិន ជា​អ្នក​មើល‌ឆុត​របស់​ស្តេច ហើយ​ពួក​ឆ្មាំ​ទ្វារ​ក៏​នៅ​ចាំ​រៀង​រាល់​តែ​ទ្វារ មិន​ចាំ‌បាច់​នឹង​លែង​ធ្វើ​ការ‌ងារ​របស់​គេ​ទេ ដ្បិត​ពួក​លេវី​ជា​បង​ប្អូន​គេ​រៀប‌ចំ​ឲ្យ។

16 ដូច្នេះ ការ‌ងារ​នៃ​ព្រះ‌យេហូវ៉ា​ទាំង​អស់​បាន​រៀប‌ចំ​ជា​ស្រេច​នៅ​ថ្ងៃ​នោះ​ឯង ដើម្បី​នឹង​ធ្វើ​បុណ្យ​រំលង ហើយ​នឹង​ថ្វាយ​ដង្វាយ​ដុត នៅ​លើ​អាស‌នា​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ស្តេច​យ៉ូសៀស