២ របាក្សត្រ 35:21-27 KHOV

21 តែ​នេកោ​ទ្រង់​ចាត់​រាជ‌ទូត​មក​ទូល​ថា ឱ​ស្តេច​យូដា​អើយ តើ​យើង​មាន​រឿង​អ្វី​នឹង​គ្នា នៅ​ថ្ងៃ​នេះ យើង​មិន​មែន​មក​ទាស់​នឹង​ទ្រង់​ទេ គឺ​ទៅ​ទាស់​តែ​នឹង​ពួក​វង្ស​១ ដែល​យើង​មាន​សង្គ្រាម​នឹង​គេ​ទេ​តើ ព្រះ​ក៏​បាន​បង្គាប់​ឲ្យ​យើង​ប្រញាប់​នឹង​ធ្វើ​ដែរ ដូច្នេះ កុំ​ឲ្យ​ឃាត់‌ឃាំង​ព្រះ ដែល​គង់​ជា​មួយ​នឹង​យើង​ឡើយ ក្រែង​ព្រះ​បំផ្លាញ​ទ្រង់​ទៅ

22 ប៉ុន្តែ​យ៉ូសៀស​មិន​ព្រម​ថយ បែរ​ចេញ​ពី​នេកោ​ទេ គឺ​បាន​ក្លែង​ព្រះ‌អង្គ​ដើម្បី​ឲ្យ​បាន​ច្បាំង​នឹង​ទ្រង់​វិញ ឥត​ស្តាប់​តាម​ពាក្យ​របស់​នេកោ ដែល​មក​ពី​ព្រះ‌ឱស្ឋ​នៃ​ព្រះ​ឡើយ ហើយ​យាង​ទៅ​ច្បាំង​នៅ​ត្រង់​ច្រក​ភ្នំ​មេគី‌ដោ

23 ពួក​ពល​ធ្នូ​ក៏​បាញ់​ត្រូវ​ស្តេច​យ៉ូសៀស រួច​ស្តេច​បង្គាប់​ដល់​ពួក​ទ័ព​ទ្រង់​ថា ចូរ​នាំ​យក​អញ​ចេញ​ទៅ ដ្បិត​អញ​ត្រូវ​របួស​ជា​ទំងន់​ណាស់

24 ដូច្នេះ ពួក​ទ័ព​ទ្រង់​ក៏​លើក​យក​ទ្រង់​ចេញ​ពី​ព្រះ‌រាជ‌រថ​ទៅ​ដាក់​លើ​ព្រះ‌រាជ‌រថ​១​ទៀត នាំ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​សុគត​ទៅ គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ផ្នូរ​របស់​ពួក​អយ្យកោ​ទ្រង់ ឯ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា​ក៏​កាន់​ទុក្ខ​នឹង​យ៉ូសៀស

25 ឯ​យេរេមា លោក​លើក​បទ​ទំនួញ​ទួញ​ពី​យ៉ូសៀស ហើយ​ពួក​ចំរៀង​ប្រុស​ស្រី​ក៏​ច្រៀង​បទ​ទំនួញ​ពី​យ៉ូសៀស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ក៏​តាំង​ការ​នោះ​ទុក​ជា​ទំលាប់​ក្នុង​ពួក​អ៊ីស្រា‌អែល​ត​ទៅ មើល បទ​ទាំង​នោះ​បាន​កត់​ទុក​ក្នុង​គម្ពីរ​បរិទេវ​ហើយ

26 រីឯ​ដំណើរ​ឯ​ទៀត ពី​យ៉ូសៀស​ដែល​ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ល្អ ឲ្យ​ត្រូវ​នឹង​សេចក្ដី​ដែល​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា

27 និង​ពី​កិច្ច‌ការ​ទ្រង់​ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពី​ពួក​ស្តេច​អ៊ីស្រា‌អែល និង​យូដា​ហើយ។