14 មួយទៀត អស់ទាំងមេនៃពួកសង្ឃ និងពួកបណ្តាជន ក៏ប្រព្រឹត្តរំលងយ៉ាងខ្លាំង តាមអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ គេធ្វើបង្អាប់ដល់ព្រះវិហារនៃព្រះយេហូវ៉ា ដែលទ្រង់បានញែកជាបរិសុទ្ធ នៅក្រុងយេរូសាឡិម
15 ព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ ទ្រង់បានចាត់ទូតទ្រង់ឲ្យទៅឯគេ ទាំងក្រោកពីព្រលឹមនឹងចាត់គេផង ដ្បិតទ្រង់មានព្រះហឫទ័យអាណិតមេត្តាដល់រាស្ត្រទ្រង់ ហើយដល់ទីលំនៅទ្រង់
16 តែគេចំអកឲ្យពួកទូតនៃព្រះ ក៏មើលងាយដល់ព្រះបន្ទូលទ្រង់ ព្រមទាំងឡកឡឺយឲ្យពួកហោរាទ្រង់វិញ ដរាបដល់សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងគេទាល់តែរកកែខៃមិនបានឡើយ។
17 ហេតុនោះ ព្រះទ្រង់នាំស្តេចពួកខាល់ដេមកលើគេ ស្តេចនោះបានសំឡាប់ពួកកំឡោះៗរបស់គេដោយដាវនៅក្នុងព្រះវិហារ ជាទីបរិសុទ្ធរបស់គេ ឥតមានមេត្តាករុណាដល់ ទោះទាំងកំឡោះ ក្រមុំ ចាស់ទុំ ឬសក់ស្កូវណាឡើយ ទ្រង់បានប្រគល់គេទាំងអស់ ទៅក្នុងកណ្តាប់ព្រះហស្តនៃស្តេចនោះ
18 ឯអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះ ទាំងធំទាំងតូច និងរបស់ថ្លៃវិសេសទាំងប៉ុន្មាន ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងព្រះរាជទ្រព្យនៃស្តេច និងទ្រព្យរបស់ពួកអ្នកជាប្រធានរបស់ទ្រង់ នោះក៏នាំយកទៅឯក្រុងបាប៊ីឡូនទាំងអស់
19 គេដុតព្រះវិហារនៃព្រះបង់ ហើយរំលំកំផែងក្រុងយេរូសាឡិម ក៏ដុតអស់ទាំងព្រះរាជដំណាក់ ហើយបំផ្លាញគ្រឿងប្រដាប់មានដំឡៃ នៅក្នុងដំណាក់ទាំងនោះដែរ
20 ឯអស់អ្នកដែលបានរួចពីដាវ នោះទ្រង់ដឹកនាំទៅឯស្រុកបាប៊ីឡូន ហើយគេក៏ធ្វើជាអ្នកបំរើទ្រង់ និងវង្សានុវង្សរបស់ទ្រង់តទៅ ដរាបដល់នគរពើស៊ីបានគ្រប់គ្រងរាជ្យឡើង