18 ឯអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះ ទាំងធំទាំងតូច និងរបស់ថ្លៃវិសេសទាំងប៉ុន្មាន ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងព្រះរាជទ្រព្យនៃស្តេច និងទ្រព្យរបស់ពួកអ្នកជាប្រធានរបស់ទ្រង់ នោះក៏នាំយកទៅឯក្រុងបាប៊ីឡូនទាំងអស់
19 គេដុតព្រះវិហារនៃព្រះបង់ ហើយរំលំកំផែងក្រុងយេរូសាឡិម ក៏ដុតអស់ទាំងព្រះរាជដំណាក់ ហើយបំផ្លាញគ្រឿងប្រដាប់មានដំឡៃ នៅក្នុងដំណាក់ទាំងនោះដែរ
20 ឯអស់អ្នកដែលបានរួចពីដាវ នោះទ្រង់ដឹកនាំទៅឯស្រុកបាប៊ីឡូន ហើយគេក៏ធ្វើជាអ្នកបំរើទ្រង់ និងវង្សានុវង្សរបស់ទ្រង់តទៅ ដរាបដល់នគរពើស៊ីបានគ្រប់គ្រងរាជ្យឡើង
21 ដើម្បីឲ្យបានសំរេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដោយសារមាត់ហោរាយេរេមា ទាល់តែស្រុកនោះបានគំរប់ពេលដែលត្រូវឈប់សំរាកឲ្យបានគ្រប់៧០ឆ្នាំ ដ្បិតក្នុងរវាងដែលចោលទទេ នោះស្រុកបានឈប់សំរាកទៅ។
22 រីឯនៅឆ្នាំដំបូងក្នុងរាជ្យស៊ីរូស ជាស្តេចស្រុកពើស៊ី នោះព្រះយេហូវ៉ាទ្រង់បានបណ្តាលព្រះទ័យទ្រង់ឡើង ដើម្បីឲ្យស្តេចបានធ្វើសំរេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដោយសារមាត់ហោរាយេរេមា គឺឲ្យទ្រង់បានចេញប្រកាសដល់អាណាខែត្ររបស់ទ្រង់ ហើយឲ្យសេចក្ដីនោះបានកត់ទុកផងថា
23 ស៊ីរូស ជាស្តេចពើស៊ី ទ្រង់មានព្រះរាជឱង្ការដូច្នេះថា ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានអស់ទាំងនគរនៅផែនដី មកយើងហើយ ទ្រង់បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយទ្រង់ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា ដូច្នេះ នៅក្នុងពួកប្រជាជនទាំងឡាយ បើមានអ្នកណាជារបស់ផងព្រះយេហូវ៉ា នោះសូមឲ្យព្រះនៃអ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅចុះ។:៚